ភ្នំពេញៈ បុក បុកទៀតហើយ បុកព្រោះតែស្រវឹង បុរសម្នាក់ផឹកស្រវឹងធ្លាក់ភ្នែកបើករថយន្តកាមរីហាយ ប្រ៊ីតលឿន ដូចហោះតាមបណ្តោយផ្លូវម៉ៅសេទុង ជ្រុលបុក ក្បាលនាគចែកទ្រូងផ្លូវលាន់ដូចរន្ទះ បណ្តាលឲ្យរថយន្ត ក្រឡាប់ ផ្ងារជើងនៅកណ្តាលផ្លូវ កាលពីម៉ោង ២០ និង៣០នាទីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅជិតស្ថានទូចិន ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។
មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់វ័យជាង២០ឆ្នាំម្នាក់ ដែលមិនទាន់ស្គាល់អត្ត សញ្ញាណនោះ បានបើករថយន្តកាមរីហាយប្រ៊ីត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2T-7813 តាមបណ្តោយ ផ្លូវម៉ៅសេទុង ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿនដូចហោះ។ ពេលមកដល់ចំណុចកើតហេតុខាង លើនេះ ប្រហែលជាជាតិអាល់កុលក្រឡុកស្មារតីអ្នកបើកបរបាត់បង់ស្មារតី ទើបបញ្ជាចង្កូតរថយន្តជ្រុលបុកចំពាក់ កណ្តាលក្បាលនាគចែកទ្រូងផ្លូវពេញទំហឹង លាន់ឮដូចរន្ទះខែប្រាំងជ្រែកស្បៃរាត្រី ធ្វើឲ្យរថយន្តក្រឡាប់ផ្ងារឡើង លើច្រងាងនៅកណ្តាលផ្លូវ។ ទោះជាយ៉ាងណា គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឲ្យអ្នកបើកបររងរបួសនោះ ទេ។
មន្រ្តីដដែលនេះបន្តថា បន្ទាប់ពីកើតហេតុម្ចាស់រថយន្ត បានចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង ប៉ុន្តែសាក្សីដែលឃើញហេតុការណ៍ភ្លាមៗនោះ បាននិយាយថា បុរសជាអ្នកបើករថយន្តបង្កហេតុវ័យជាង២០ឆ្នាំ ហើយស្ថិតក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែក។
ក្រោយកើតហេតុនគរបាលចរាចរណ៍ខណ្ឌចំការមន សហការជាមួយសមត្ថកិច្ចជំនាញវាស់វែងស្ទូចយករថយន្ត បង្កហេតុទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី។
សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់នេះបង្កឡើងដោយម្ចាស់រថយន្តស្រវឹងស្រា ហើយបើកបរលឿនមិនគោរច្បាប់ ដែលបានកំណត់ ហើយសមត្ថកិច្ចក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាមន្រ្តីរាជការទាំងអស់ សូមបើកបរ ឲ្យមានការប្រុងប្រយ័ត្ន ចេះយោគយល់អធ្យាស្រ័យគ្នាក្នុងការបើកបរ អ្វីដែលសំខាន់បំផុតនោះ ពេលបើកបរសូម កុំពិសារគ្រឿងស្រវឹង៕



ផ្តល់សិទ្ធិដោយ៖ ដើមអំពិល