ក្រុមបាតុករអាវក្រហមនៅថ្ងៃទី៩ មករា បានប្រមូលផ្តុំគ្នាតាមការគ្រោងទុករបស់ពួកគេ ក្នុងទ្រង់ទ្រាយធំបំផុតមួយ ដើម្បីស្វែងរកយុត្តិធម៌សំរាប់មេដឹកនាំរបស់ពួកគេ និងទាមទារឱ្យដោះលែងមេដឹកនាំទាំងនោះដែល ត្រូវឃុំខ្លួនចាប់តាំងពីបញ្ចប់ការធ្វើបាតុកម្មប្រឆាំងលោកអាប់ភីស៊ីត កាលពីខែឧសភា ឆ្នាំ២០១០ កន្លងមក ។#ក្រុមអាវក្រហមបានចាប់ផ្តើមប្រមូលផ្តុំគ្នានៅវេលាម៉ោង៧ព្រឹកនៅស្ពានផានហ្វា ដើម្បីត្រៀមសំរាប់ការប្រមូលផ្តុំទ្រង់ទ្រាយធំនៅតំបន់ពាណិជ្ជកម្មរាជប្រាសុង ក្នុងទីក្រុងបាងកក ជាកន្លែងនៃការធ្វើបាតុកម្មរបស់ពួកគេនាពេលកន្លងមក ។#ទាក់ទិននឹងការប្រមូលផ្តុំនេះរបស់ក្រុមអាវក្រហម លោកស្រី Thida Thawornseth ជាមេដឹកនាំក្រុមអាវក្រហមឱ្យដឹងថា ក្នុងការប្រមូលផ្តុំលើកចុងក្រោយនេះនឹងមានមនុស្ស៦០.០០០នាក់ ចូលរួម ដើម្បីទាមទារឱ្យដោះលែងមេដឹកនាំអាវក្រហមមួយចំនួន ។ ចំណែកលោកចាទុផន ព្រំផាន់ ជាមេដឹកនាំក្រុមអាវក្រហមមួយរូបផងដែរថ្លែងថា រូបលោកនឹងចូលរួមក្នុងការប្រមូលផ្តុំនេះដែរ បើទោះបីជាលោកត្រូវតុលាការហាមមិនឱ្យចូលរួមក៏ដោយ ។#នៅវេលាម៉ោង៤ល្ងាចថ្ងៃដដែលក្រុមអាវក្រហមនឹងហែក្បួនទៅកាន់តំបន់រាជប្រាសុង ដែលនៅទីនោះពួកគេនឹងអុជទៀន ដើម្បីរំលឹកដល់ពួកបាតុករអាវក្រហមដែលត្រូវសំលាប់នៅក្នុងការបង្ក្រាបដោយហិង្សាអំឡុងពេល នៃការធ្វើបាតុកម្មប្រឆាំងលោកអាប់ភីស៊ីត កាលពីខែឧសភាកន្លងមក ។ ក្រុមអាវក្រហមនឹងបំបែកគ្នាវិញនៅម៉ោង៨យប់ ។#ដោយឡែកក្នុងអំឡុងពេលនៃការប្រមូលផ្តុំគ្នាលើកចុងក្រោយរបស់ក្រុមអាវក្រហមនេះ ប៉ូលិសជាង១.០០០នាក់ ត្រូវបានដាក់ពង្រាយនៅកន្លែងនានាតាមផ្លូវឆ្ពោះទៅតំបន់រាជប្រាសុង៕