បេកំាង/តៃវ៉ាន់៖ អ្នកនាំពាក្យការិយាល័យ កិច្ចការកោះតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋចិន កាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោស ចំពោះសេចក្តីរាយការណ៍ នៃការបាញ់ប្រហារ បណ្តាលឲ្យស្លាប់ អ្នកនេសាទតៃវ៉ាន់ម្នាក់ ពីសំណាក់យោធាហ្វីលីពីន។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានផ្សាយនៅថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៣នេះ ដោយផ្អែកតាមការ លើកឡើងរបស់ យ៉ាង យី ថា «ប្រទេសចិន បានទាមទារហ្វីលីពីន បើកការស៊ើបអង្កេតឧប្បតិហេតុ បាញ់ប្រហារយ៉ាងឃោរឃៅនេះ ឲ្យបានម៉ត់ចត់ និងឆាប់រហ័ស »។ លោកថា «យើងសូមបង្ហាញពីការកាន់ទុក្ខ និងសម្តែងមរណទុក្ខ ជុំវិញការបាញ់ប្រហារ បណ្តាលឲ្យស្លាប់នេះដែរ»។
យោងតាមអាជ្ញាធរនេសាទរបស់កោះ និងការផ្សាយរបស់សារព័ត៌មាន បានឲ្យដឹងថា អ្នកនេសាទតៃវ៉ាន់ប្រុសម្នាក់ ត្រូវបានបាញ់សម្លាប់ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា នៅពេលកប៉ាល់យោធា របស់ហ្វីលីពីនមួយគ្រឿង បានបើកការបាញ់ប្រហារ ទៅលើទូកនេសាទរបស់ បុរសតៃវ៉ាន់ម្នាក់នោះ។
អនុប្រធានផ្នែករដ្ឋបាល នេសាទតៃវ៉ាន់ លោក សាយ ស៊ូយ៉ បាននិយាយនៅមុននេះថា ការបាញ់ប្រហារនេះ បានកើតឡើងកាលពី វេលាម៉ោងប្រហែល ១០ព្រឹក នៅខាងត្បូងកោះតៃវ៉ាន់៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល