ភ្នំពេញ ៖ នាយករដ្ឋ មន្រ្តីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា នឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់មួយក្រុម មកគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ សម្តេចព្រះបាទ នរោត្តម សីហនុដែលបានយាងសោយទិវង្គត កាលពីវេលាម៉ោង ១:២០ នាទីយប់រំលងអាធ្រាត ចូលថ្ងៃទី ១៥ខែតុលា ឆ្នាំ២០១២ នៅទីក្រុងប៉េកាំង ប្រទេសចិន ។ នេះបើយោង តាមអ្នកនាំពាក្យ រដ្ឋាភិបាល លោក Sansanee Nakpong បានបញ្ជាក់ឲ្យដឹងកាល ពីថ្ងៃព្រហស្បតិ៍។

យោងតាមសេចក្តីរាយការណ៍របស់កាសែតថៃ The Nation បានឲ្យដឹងថា នៅរសៀលថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១២ លោកស្រី យីងឡាក់ អមដោយ មន្រ្តីជាន់ខ្ពស់ បីនាក់ផ្សេងទៀត រួមមាន លោកឧបនាយករដ្ឋមន្រ្តី Yuthasak Sariprapha រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្មលោក Boon-song Teriyaphirom និងនាយកខុទ្ទកាល័យ នាយករដ្ឋមន្រ្តី លោក Nivatthamrong Boonsongpa-isal ។
ជាមួយគ្នានេះ បើយោងតាមសេចក្តីជូនព័ត៌មាន ពីក្រសួងការបរទេស បានឲ្យដឹងថា នាយករដ្ឋមន្រ្តីវៀតណាម និងនាយករដ្ឋមន្រ្តីឡាវ នឹងដឹកនាំគណៈប្រតិភូ មកគោរពព្រះវិញ្ញាណក្ខន្ធសម្តេចឪ សម្តេចតា សម្តេចតាទួត នៃយើងទាំងអស់គ្នា ផងដែរ នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០១២ ។ ដោយឡែក បើយោងតាមប្រភពសារព័ត៌មានក្នុងស្រុក នាយករដ្ឋមន្រ្តីថៃ ក៏បានទូរស័ព្ទមកនាយករដ្ឋមន្រ្តីប្រទេសកម្ពុជាសម្តេចអគ្គមហាសេនាបតីតោជោ ហ៊ុន សែន បង្ហាញការសោកស្តាយយ៉ាងខ្លាំង ចំពោះកំហុសអចេតនា របស់អ្នកយកព័ត៌មាន ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ស្របអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានចេញនូវសេចក្តីប្រកាសព័ត៌មាន អំពាវនាវអោយមានការយោគយល់ ចំពោះកំហុសអចេតនាមួយនេះ។
ខាងក្រោមនេះ គឺជាសេចក្តីបំភ្លឺទាំងស្រុងរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ៖



ដោយ ៖ រិទ្ធីប្រភព ៖ dap