ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយពីសំ ណាក់ប្រជាពលរដ្ឋ រស់នៅក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ បន្ទាប់ពីមាន ករណីអគ្គិភ័យ មួយដង្ហើមចង្រិត បានកើត ឡើងកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២ ប៉ុន្ដែអគ្គិភ័យខាង លើនេះ មិនរំខានដល់ រថយន្ដ ពន្លត់អគ្គិភ័យ របស់សមត្ថកិច្ចពន្លត់អគ្គិភ័យនោះឡើយ ពោលត្រូវបានប្រជាពលរដ្ឋម្ចាស់ផ្ទះនិងអាជ្ញា ធរមូលដ្ឋាន ជួយអន្ដរាគមន៍ទាន់ពេលវេលា តាមរយៈការបាញ់ពន្លត់អគ្គិភ័យ អស់ជាង ១០បំពង់ ។
យោងតាមសេចក្ដីរាយការណ៍ពីកន្លែង កើតហេតុបានឱ្យដឹងថា មូលហេតុដែលនាំឱ្យ មានករណីឆាបឆេះផ្ទះប្រជាពលរដ្ឋខាងលើនេះ បណ្ដាលមកពីម្ចាស់ផ្ទះបានអាំងត្រីនៅ ខាងក្រោមផ្ទះហើយម៉ូតូដែលទុកនៅលើផ្ទះ បានស្រក់សាំងចំកន្លែងអាំងត្រី ធ្វើឱ្យមាន ការឆាបឆេះតែម្ដង ភ្លាមៗនោះ ប្រជាពលរដ្ឋនៅក្បែរខាងរួមទាំងអាជ្ញាធរនិងសមត្ថកិច្ច បានជួយអន្ដរាគមន៍តាមរយៈការយកបំពង់ ពន្លត់អគ្គិភ័យបាញ់ពន្លត់មិនបណ្ដាលឱ្យរីក រាលដាលទៅកាន់ផ្ទះប្រជាពលរដ្ឋក្បែរខាងនោះឡើយ។
យ៉ាងណាក៏ដោយ បើតាមសេចក្ដីរាយ ការណ៍ពីកន្លែងកើតហេតុ អគ្គិភ័យមួយដង្ហើម ចង្រិតនេះ បានធ្វើឱ្យម្ចាស់ផ្ទះឈ្មោះមាស ថាវី ភេទស្រី អាយុ៥៤ឆ្នាំ រងរបួសរលាក ជើងទាំងសងខាង រីឯកូនស្រីរបស់គាត់រលាក ដៃ ។ ដោយឡែកម៉ូតូឆាបឆេះបន្ដិចបន្ដួច និងឈើក្រោមផ្ទះ បានឆេះអស់មួយចំនួន ផងដែរ ។
ចំពោះករណីអគ្គិភ័យនេះ គេសង្កេត ឃើញ លោកអភិបាលខណ្ឌមានជ័យ គួច ចំរើន និងមន្ដ្រីសាលាខណ្ឌមួយចំនួនទៀត ក៏ ទៅជួយអន្ដរាគមន៍ផងដែរ ៕



ផ្តល់សិទ្ធិដោយ៖ ដើមអំពិល