ភ្នំពេញ៖ ស្រ្តីកម្មករ សំណង់ម្នាក់ នៅសំណង់ អាគារសណ្ឋាគារសុខា ស្ថិតនៅ ភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ បានស្លាប់ដោយសារតែ ធ្លាក់ពីលើអាគារមកក្រោម ខណៈជនរងគ្រោះកំពុង និយាយទូរស័ព្ទ ហើយដើរចុះដើរឡើង ក៏ភ្លេចខ្លួនធ្លាក់ នៅចន្លោះជណ្តើរយន្ត ទៅក្រោម កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣ ប៉ុន្តែសពស្រ្តីរងគ្រោះ ក្រោយកើតហេតុភ្លាមៗ រកមិនឃើញនោះទេ លុះព្រឹកឡើងទើប រកឃើញសព ក្រោយពីសាច់ញាតិ និងក្រុមកម្មករ ផ្សេងទៀត បានអូចធូបបន់ស្រន់ ។
ស្រ្តីរងគ្រោះត្រូវបានកម្មករ ធ្វើការជាមួយ និយាយថា មានកូនពីរនាក់ និងមានស្រុកកំណើត នៅខេត្តព្រៃវែង ហើយក្រោយការពិនិត្យ និងធ្វើកោសល្យវិច័យ សពរួចហើយ បានប្រគល់ជូន ក្រុមគ្រួសារ ដឹកយកទៅ ខេត្តព្រៃវែង ធ្វើបុណ្យតាមប្រពៃណី។
សេចក្តីរាយការណ៍ ពីក្រុមកម្មករ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ក្រោយពីបញ្ចប់ការងារ បាននិយាយទូរស័ព្ទ ដោយដើរចុះដើរឡើង ស្លាប់តែមិនដឹងជាយ៉ាងម៉េច ក៏ធ្លាក់ពីលើអាគារ នៅចន្លោះប្រហោង ដណ្តើរយន្តមកក្រោម បណ្តាលឲ្យស្លាប់ភ្លាមៗ តែនៅពេលនោះ សពស្រ្តីរងគ្រោះ រកមិនឃើញនោះទេ លុះព្រឹកឡើង វេលាម៉ោងប្រហែល៦ ទើបរកឃើញ ក្រោយអុចធូបបន់ស្រន់ ។
ក្រោយកើតហេតុ និងក្រោយពីពិនិត្យ សពជនរងគ្រោះរួចមក ខាងសមត្ថកិច្ច បានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណីនៅស្រុកកំណើត។ យ៉ាងណាក៏ដោយ ជុំវិញការស្លាប់របស់ស្រ្តី ជាកម្មករសំណង់ខាងលើនេះ មិនដឹងថា ខាងសណ្ឋាគារសុខា បានផ្តល់សំណង ប៉ុន្មាននោះទេ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល