- ប្រជាពលរដ្ឋ លែងមាន ការព្រួយបារម្ភ ព្រោះជនសង្ស័យ មិនមែនក្រុមចោរប្លន់ ជាជនញៀនថ្នាំ
កំពង់ចាម៖ បន្ទាប់ពីឡោមព័ទ្ធតាំងពីព្រឹកព្រលឹម រហូតដល់រសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៣នេះ កម្លាំង សមត្ថកិច្ចមិនទាន់ អាចរំដោះចំណាប់ ខ្មាំងជាបុគ្គលិកធនាគារអេស៊ីលីដាចំនួន២នាក់ ពីជនសង្ស័យទាំង២នាក់ នៅឡើយទេ បន្ទាប់ពីជនសង្ស័យបានចាប់ពួកគេចូលទៅក្នុងបន្ទប់ដាក់ទូដែក ហើយចាក់សោរជាប់ ហេតុដូច្នេះ ហើយទើបក្រសួងមហាផ្ទៃបានសម្រេច បញ្ជូនកម្លាំងសមត្ថកិច្ចពិសេស៣រថយន្ត ក្នុងសម្លៀកបំពាក់ឈុតខ្មៅ ដឹក នាំដោយអនុប្រធាននាយក ដ្ឋានព្រហ្ម ទណ្ឌ១រូប ឈ្មោះចាន់ ស៊ីថា ចុះទៅកន្លែងកើតហេតុ ដើម្បីរកវិធីសាស្រ្តផ្សេង ដើម្បីជួយសង្រ្គោះជនរងគ្រោះ។
ប្រតិបត្តិការ ដែលធ្វើឡើងយ៉ាងក្តៅគគុក និងជាមេរៀនថ្មីមួយទៀត សម្រាប់សមត្ថកិច្ចខេត្តកំពង់ចាម និងសមត្ថ កិច្ច នៅតាមបណ្តាខេត្តផ្សេងទៀតនោះ បានកើតមានឡើង បន្ទាប់ពីក្រុមចោរបានបដិសេធមិនទទួលយកលុយ ជាថ្នូរនិងការដោះលែងជនរងគ្រោះ គឺពួកគេត្រូវការតែថ្នាំញៀនប៉ុណ្ណោះ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ថ្នាក់ដឹកនាំសំខាន់ៗ នៅខេត្តកំពង់ចាម រួមមានព្រះរាជអាជ្ញា ស្នងការនគរបាលខេត្ត មេបញ្ជាការអាវុធហត្ថ និងកម្លាំងយោធា បាននិងកំពុងបន្តនៅកន្លែងកើតហេតុខាងលើ ដែលមានទីតាំងស្ថិតនៅខាងត្បូងផ្សារបែកអន្លង់ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សមត្ថកិច្ច បាន ឲ្យដឹងថា រហូតមកដល់រសៀលថ្ងៃដែលនេះ ជនសង្ស័យចំនួន២នាក់ ប្រដាប់ដោយកាំភ្លើង១ដើម និងជនរង គ្រោះជាបុគ្គលិករបស់ធនាគារ កំពុងស្ថិតនៅក្នុងបន្ទប់នៅឡើយ ហើយជនសង្ស័យបដិសេធទទួលយកលុយ បើ ទោះបីសមត្ថកិច្ចបានប្រគល់លុយទៅពួកគេ ចំនួន ៥៧លានរៀលក៏ដោយ។ ដោយឡែកប្រជាពលរដ្ឋនៅកន្លែង កើតហេតុទាំងមូល បានរំសាយការភ័យខ្លាច និងការព្រួយបារម្ភរបស់ខ្លួន ដោយសារជនសង្ស័យទាំងនេះ មិនមែន ជាក្រុមចោរប្លន់នោះទេ ជាជនញៀនថ្នាំប៉ុណ្ណោះ។
ជាមួយគ្នានេះ សាច់ញាតិជនរងគ្រោះ បានស្នើឲ្យសមត្ថកិច្ចរកមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីរំដោះជនរងគ្រោះ ចៀសវាងមានរឿងអ្វីមួយកើតឡើង ប៉ះពាល់ដល់អាយុជីវិត៕




ផ្តល់សិទ្ធិដោយ៖ ដើមអំពិល