សៀមរាប : នៅប៉ុន្មានថ្ងៃនេះ ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើសេចក្ដីប្រកាសជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ ព្រោះនៅចុងខែមីនា ឆ្នាំ ២០១៣នេះ ព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងទទួលរង នូវឥទ្ធិពលកម្រិតសម្ពាធទាប (Low Pressure Gradient) ចាប់ពីផ្ទៃដី រហូតដល់រយៈកម្ពស់ ៦០០ម៉ែត្រ ។ ប៉ុន្តែចាប់ពី កម្ពស់ ៦០០ ម៉ែត្រ រហូតដល់រយៈកម្ពស់ ៥.៥០០ម៉ែត្រ បាន និងកំពុងទទួលរង ឥទ្ធិពលកម្រិតសម្ពាធខ្ពស់ (High Pressure Gradient) វិញ ។

ក្នុងនោះខេត្តសៀមរាប ក៏ត្រូវទទួលរង នូវឥទ្ធិពលនេះផងដែរ ដែលតម្រូវឲ្យមានការប្រុង ប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើង ជាយថាហេតុ។

ជាក់ស្ដែងកាលពីរសៀលថ្ងៃទី២៦ ខែមីនា មានខ្យល់បក់បោក ក្នុងរយ:ពេលខ្លី និងនៅតំបន់ មួយចំនួនទៀត ក្នុងខេត្តសៀមរាប បានទទួលរង ឥទ្ធិពលភ្លៀងធ្លាក់លាយ ខ្យល់ បក់បោក ផងដែរ ។ ដែលក្នុងនោះ បណ្ដាលឲ្យបាឡុងហោះបង្ហោះចល័តដើរដោយចំហេះឧស្ម័ន និងខ្យល់មួយ ដែលនៅលើបាឡុងហោះនោះ មានសរសេរ អក្សរ Cambodia Angkor បានបង្ខំចុះ ខណ:ដែលកំពុងមានខ្យល់បក់បោកខ្លាំងនោះ ហើយបណ្ដាលឲ្យភ្ញៀវដែល កំពុងជិះ មានការភ័យរន្ធត់ និងអ្នកខ្លះបានរង របួសឆ្អល់ធំផងដែរ ។

ខណ:ដែលស្រ្ដីបម្រើការងារ នៅក្រុមហ៊ុនបាឡុងហោះ ហាក់មានការលាក់លៀមព័ត៌មាន គ្រាន់តែនិយាយថា គឺបាឡុងនោះមិនធ្លាក់ទេ គឺ ចុះចតនៅពេលមាន ខ្យល់បក់ ហើយនៅពេលដែលអ្នកយកព័ត៌មាន បានហៅទូរស័ព្ទជាថ្មី ដើម្បីសួរនាំអំពីថា តើ មានបង្កររបួស ស្នាម និងការភ័យខ្លាច ដល់ភ្ញៀវដែរ ឬយ៉ាងណានោះ គឺមិនបានទទួលទូរស័ព្ទនោះទេ ដួច្នេះយើងមិនអាចទទួលបានព័ត៌មានជាក់លាក់ឡើយ។

បើតាមប្រភព ពីអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា នៅរសៀលម៉ោងប្រមាណ ៤ មាន បា-ឡុងហោះមួយ បានបង្ខំចុះ ពេលដែលមានខ្យល់បក់បោកខ្លាំង នៅក្រុងសៀមរាប។ បាឡុងនោះ មានផ្ទុកភ្ញៀវទេសចរ ៧ នាក់ ហើយបាឡុងនោះ ទំនងជាហោះក្នុងរយ:កម្ពស់ ៣០០ ម៉ែត្រ មុនពេលព្រឹត្តិការណ៍ ចុះចតដោយ បង្ខំនោះកើតឡើង។

បើតាមប្រភពមួយទៀត បានឲ្យដឹងថា ការហោះហើរនោះ ហាក់ស្ថិតក្នុងសភាពទ័លច្រក បន្តិចទៅហើយ នៅពេលមានខ្យល់បក់បោកខ្លះ តែអ្នកបញ្ជា បាឡុងនោះ ហាក់មានស្មារតីរឹងប៉ឹងគ្រាន់បើ ទើបគាត់មានលទ្ធភាព បញ្ជាបាឡុងឲ្យចុះចតបានសុវត្ថិភាព ដោយបង្ខំនេះ ស្របពេល ដែលបាឡុងនោះ មានការខូច រយះរហែកខ្លះ ។ ឧបទ្ទវហេតុនោះ បណ្ដាលឲ្យភ្ញៀវជនជាតិហ្វីលីពីន ៥នាក់ រងរបួស ក្នុងនោះរងរបួសធ្ងន់ ៤នាក់ និងមានការភ័យខ្លាចផងដែរ ។

ប្រភពបានបន្ដថា អ្វីដែលគួរឲ្យហួសចិត្ត ក្នុងហេតុការណ៍នោះផងដែរ គឺ អ្នករៀបចំការហោះហើរ នៅតែបង្ខំទារប្រាក់ឈ្នួលថ្លៃជិះពីភ្ញៀវ ។

សូមរំលឹកបន្តិចថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ កន្លងទៅ នៅប្រទេសអេស៊ីប នៃទីក្រុងបុរាណ លូស្វ័រ មានគ្រោះថ្នាក់ផ្ទុះ ឆេះ ធ្លាក់បាឡុងហោះផងដែរ ដែលបណ្ដាលឲ្យ ភ្ញៀវទេសចរ បរទេស ១៩ បានស្លាប់ នេះបើតាមប្រភពព័ត៌មានអន្តរជាតិនានា ដែលបានផ្សព្វផ្សាយ កន្លងទៅ  ។

បើតាមប្រភពព័ត៌មាន ពីមន្ត្រីម្នាក់  (សុំមិនបញ្ចេញឈ្មោះ) បានផ្ដល់ព័ត៌មាន ដោយភាពរអែងចិត្តថា បាឡុងនោះ បានធ្លាក់ពិតមែន ហើយមានអ្នកជិះសរុប ចំនួន ៩នាក់ កំពុងជិះបាឡុងនោះ ពួកគាត់បានទទួលរងរបួសស្រាល ក្នុងនោះ មានម្នាក់របួសធ្ងន់ ហើយពួកគាត់ មានការភ័យខ្លាចជាខ្លាំងផងដែរ ។  

ចំពោះ បាឡុង Balloon Angkor របស់ក្រុមហ៊ុន សុខា ដែលមានទីតាំង នៅភូមិត្រពាំងសេះ សង្កាត់គោកចក ដែលនៅខាងមុខអង្គរ (ដែលមានគេច្រឡំថា ធ្លាក់នោះ) មានស្រ្តីម្នាក់ដែលបម្រើការ នៅទីនោះបានឲ្យដឹងថា ក្នុងរយ:ពេលប៉ុន្មានថ្ងៃនេះខាងក្រុមហ៊ុនមានភាពប្រយ័ត្នប្រយែងណាស់ គឺមិនមានការបង្ហោះបាឡុងនោះទេ ម្យ៉ាងយើងកំពុងមានការ ជួសជុល និងដំណើការវិញ នៅចុងខែមេសា ខាងមុខនេះ ដោយយើងកំពុងបង្កើនសមត្ថ ភាពបច្ចេកទេស។ យើងមានការប្រុង ប្រយ័ត្នខ្ពស់ណាស់ ពិសេសនៅពេលអាកាសធាតុ មិនប្រក្រតី ព្រោះយើងត្រូវគិតពី សុវត្ថិភាពរបស់ភ្ញៀវជាចម្បង ហើយដោយយោងទៅ តាមសេចក្ដីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម ចំពោះការហោះហើរ របស់បាឡុងនេះ មានកម្ពស់ខ្ពស់បំផុត គឺ ១៨០ ម៉ែត្រ តែធម្មតា គឺ បង្ហោះក្នុងរយ:កម្ពស់ ពី ១២០ ទៅ ១៥០ម៉ែត្រ ព្រោះអាកាសធាតុពេលខ្លះ មិនអំណោយ ផលទេ គឺនៅផ្ទាល់ដីធម្មតា តែកម្ពស់ ៥០ ឡើង មិនប្រក្រតីនោះទេ ទាល់តែអ្នកបញ្ជា បាឡុងទើបដឹង ព្រោះគាត់មានឧប-ករណ៍ និងបច្ចេកទេសខ្ពស់ សម្រាប់សុវត្ថិភាព នៃការ បង្ហោះបាឡុង ។

ស្របថ្ងៃដដែលនេះ មានភ្លៀងលាយខ្យល់ព្យុះ ធ្វើឲ្យដួលរលំផ្ទះ ប្រជាពលរដ្ឋជាង៤១ខ្នងនៅ ៤ ឃុំ ក្នុងស្រុកជីក្រែង ក្នុងនោះផ្ទះរលំ ១៨ ខ្នង និងប៉ើងដំបូល ២៣ ខ្នង ក្រៅពីនោះ នៅសៀមរាប ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក៏មានខ្យល់បក់បោក ភ្លៀងធ្លាក់កក់ខែ បណ្ដាល ឲ្យមានផ្ទះដួលរលំ និងខូចខាតដល់ផ្ទះសម្បែង ទ្រព្យសម្បត្តិ និងមានការរងរបួសខ្លះៗ ផងដែរ ។

ចំពោះករណី ភ្លៀងកក់ខែមួយមេយ៉ាងធំ ដែលមានខ្យល់បក់បោកនោះ បានកើតទ្បើងកាលពីម៉ោងប្រមាណ ៣ និង ៤៥នាទីល្ងាច ថ្ងៃទី២៦ ខែមីនា នេះ ស្ថិតនៅក្នុង ឃុំ៤ ក្នុងស្រុកជីក្រែង ខេត្តសៀមរាប ។

បើតាមសេចក្តីរាយការណ៍ របស់លោកវរសេនីយ៍ត្រី តូច សាកល អធិការស្រុកជីក្រែង បានឲ្យដឹងថា នៅម៉ោងប្រមាណជាង ៣ ល្ងាច មានភ្លៀងកក់ខែមួយមេយ៉ាងធំ នៅក្នុងឃុំ អន្លង់សំណរ ឃុំស្ពានត្នោត ឃុំគោកធ្លកក្រោម និងឃុំកំពង់ក្តី ឃុំជីក្រែង ក្នុងស្រុកជីក្រែង បណ្តាលឲ្យដួលរលំ ផ្ទះអស់ចំនួន ២១ ខ្នង និងប៉ើងដំបូលផ្ទះ អស់ចំនួន ២០ ខ្នង ព្រមទាំងរងរបួសក្មេងស្រីម្នាក់ ៕

Photo

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល