ទីភ្នាក់ងារសហព័ន្ធរុស្ស៊ីខាងដឹកជញ្ជូន ROSTRANSNADZOR បានស្នើកាលពីថ្ងៃទី២ មករា ឱ្យហាមឃាត់ការហោះហើររបស់បណ្តាយន្តហោះធុន TUPOLEV-154B (TU-154B) រហូតទាល់តែរកឃើញមូលហេតុនៃគ្រោះថ្នាក់គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី១ មករា កន្លងមកនេះ របស់យន្តហោះប្រភេទនេះមួយគ្រឿងសិន។#ទីភ្នាក់ងារនោះក៏គូសបញ្ជាក់ផងដែរថា វិធានការនេះនឹងត្រូវលុបចោលវិញ ក្រោយការអនុម័តវិធានការនានា ដែលសំដៅកាត់បន្ថយគ្រោះថ្នាក់នៃការធ្វើអាជីវកម្មលើបណ្តាយន្តហោះធុន TU-154B ។#យោងតាម ROSTRANSNADZOR ថា យន្តហោះប្រភេទនេះចំនួន១៥គ្រឿង ត្រូវបានប្រើប្រាស់នៅរុស្ស៊ី ក៏ប៉ុន្តែពុំមានព័ត៌មានណាមួយអំពីចំនួនយន្តហោះធុននេះដែលកំពុងប្រើប្រាស់នៅកន្លែងផ្សេ ងៗទៀតនៃពិភពលោកឡើយ ជាពិសេសក្នុងបណ្តាប្រទេសនៃអតីតសហភាពសូវៀត ។#យន្តហោះធុន TU-154B មួយគ្រឿងរបស់ក្រុមហ៊ុន KOLAVIA ដែលមានអ្នកដំណើរ១១៦នាក់ និងសមាជិកក្រុមយានិក៨នាក់ជិះក្នុងនោះបានឆេះកាលពីថ្ងៃទី១ មករា មុនពេលផ្ទុះពេលវាកំពុងតែរត់ឆ្ពោះទៅរកផ្លូវសំរាប់ហោះឡើងនៅព្រលានយន្តហោះ SOURGOUT ភាគឦសានតំបន់អ៊ូរ៉ាល់ ទៅកាន់ក្រុងម៉ូស្គូ ។ មនុស្ស៣នាក់បានត្រូវស្លាប់ ហើយប្រមាណជា៤០នាក់ទៀតត្រូវរបួសក្នុងគ្រោះថ្នាក់នេះ ។ មនុស្សភាគច្រើនក្នុងយន្តហោះអាចចេញពីយន្តហោះទាន់មុនពេលភ្លើងឆេះរាលដាលខ្លាំង៕