ស្ទឹងត្រែង ៖ មន្រ្តីរដ្ឋបាលព្រៃឈើមួយរូប បានស្នើសុំកម្លាំងកងរាជអាវុធហត្ថ (អ.ហ) ខេត្ត  ចេញស្ទាក់ចាប់រថយន្ត ដឹកឈើគ្រញូងមួយគ្រឿង   របស់ មេឈ្មួញដុះស្លែប្រចាំ ខេត្តស្ទឹងត្រែង កាលពីវេលាម៉ោង ១១យប់ថ្ងៃ ទី២៣ ខែឧសភាឆ្នាំ២០១៣ នៅចំណុចដុងក្រឡ យកទៅផ្ញើទុក នៅ ស្នាក់ការរដ្ឋបាលព្រៃឈើដុងក្រឡ ។

ព្រឹកថ្ងៃទី២៤ ខែឧសភាឆ្នាំ២០១៣ កម្លាំងដដែល បានបញ្ជូនរថយន្ត ដែលផ្ទុកបទ ល្មើសឈើគ្រញូងនោះ យកមកកាន់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តដើម្បីដោះស្រាយ លុះមកដល់ចំណុចគីឡូម៉ែត្រលេខ១៦ ក្នុងភូ មិគីឡូប្រាំបី សង្កាត់សាមគ្គី ក្រុង ស្ទឹងត្រែង ក៏ស្រាប់តែមេឈ្មួញនោះ  បានយក រថយន្តមួយគ្រឿងទៀត មករារាំង មិនឲ្យសមត្ថកិច្ចយករថយន្តរបស់ខ្លួនទៅខណ្ឌ  ។  នៅក្នុងហេតុការណ៍នេះមន្រ្តីខណ្ឌឈ្មោះ ដា បានប្រទូស្តរ៉ាយ គ្នាយ៉ាងខ្លាំង ជាមួយឈ្មួញ  ហើយលោក ដា ហាក់បីដូចជាភ័យស្លន់ស្លោរ ដោយសារតែមេឈ្មួញម្នាក់ យករថយន្តមកបុកពាំង ពីមុខរថយន្តផ្ទុកបទ ល្មើសគំរាមសមត្ថកិច្ចវិញ  រីឯលោក ដា វិញនោះដូចជាស្លេកស្លាំង ព្រលឹងមិននៅក្នុងខ្លួនអីចឹង ក្រោយពីឃើញសកម្មភាពឈ្មួញ ហើយបម្រុងនឹង មានការផ្ទុះអាវុធឡើងទៀតផង។ ក្រោយពីការប្រទូស្តរ៉ាយគ្នា លោក ដា  បានទូរស័ព្ទហៅមន្រ្តីខណ្ឌពីរ បីនាក់ទៀត ឲ្យមកជួយអន្តរាគមន៍ មាន លោក អន ចាន់សុជាតិ នៅក្នុងនោះផងដែរ  ។  ហើយលោក អន  ចាន់សុជាតិ  បានបោះ ពាក្យទៅមេឈ្មួញថា ឲ្យដកខ្លួនថយចេញឲ្យឆាប់ប្រយ័ត្ន គេវាយខ្នោះ  រួចហើយមេឈ្មួញ ព្រមទាំងរថយន្តដែលរារាំងនោះ ក៏នាំគ្នារត់យកប្រាស់អាយ៉ូសតែម្តងទៅ ។

នៅថ្ងៃដដែលនោះ មានរថយន្តកាមរីស្វិត ពណ៌គ្រាប់អំពិលបានដឹកឈើគ្រញូង ចេញមកពីស្រុកសៀមប៉ាង ចូលមកខេត្តស្ទឹងត្រែង បានឮដំណឹងថា មានការ ស្ទាក់ចាប់រថយន្តដឹកឈើ បានគេចខ្លួនទៅពួន នៅក្នុងអតីតការដ្ឋានចិន ដែលគេតែងតែហៅថា ទួលចិន ដើម្បីសម្ងំពួន តែត្រូវសមត្ថកិច្ច ដដែលចាប់ជាប់ រីឯម្ចាស់ រថយន្តរត់គេចខ្លួនដោយសុវត្ថិភាព  ចំណែករថយន្តនោះ ត្រូវរឹបអូសបញ្ជូនទៅ កាន់រដ្ឋបាលព្រៃឈើខេត្ត ។

ទាក់ទិននឹងរឿងចាប់រថយន្ត ដឹកឈើគ្រញូងខាងលើនេះ សារព័ត៌មានដើមអម្ពិល បានទូរស័ព្ទទៅលោក ដា ដើម្បីសុំការបំភ្លឺ តែលោក ដា ឆ្លើយថា គាត់ជាប់រវល់ពីរថ្ងៃមកហើយ  ។

គួររំលឹកផងដែរថា មូលហេតុដែលនាំឲ្យ មានការចាប់រថយន្តដឹកឈើគ្រញូ ងខាងលើនេះ គឺដោយសារតែមេឈ្មួញឈើគ្រញូងនោះ មិនបានប្រាប់ លោកដា ធ្វើឲ្យលោកដា មិនបានទទួលលាភសក្ការ ក៏បណ្តាលឲ្យមានការស្ទាក់ ចាប់រថយន្តនេះតែម្តងទៅ ។  ហើយនៅថ្ងៃដែលចាប់រថយន្តនោះ ដែរ  មេឈ្មួញបាននិយាយថា រាល់ការដឹកជញ្ជូនឈើ គាត់បានប្រាប់ទៅសមត្ថកិច្ចជំនាញ គ្រប់គ្នារួចអស់ហើយ ៕

width=400

width=400

width=400

width=400

width=400

width=400

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល