ភ្នំពេញៈ ការប្រគំតន្រ្តី សប្បុរសធម៌ នៅឌ្រីមលែនឌ៍ ដើម្បីស្វែងរកថវិកា ជួយបរិច្ចាគទៅមន្ទីរពេទ្យ គន្ធបុប្ផា និង មជ្ឈមណ្ឌលកុមារកំព្រា នៅកម្ពុជា បានចាប់ផ្តើមហើយ កាលពីរាត្រី ថ្ងៃអាទិត្យ ទី២៨ ខែមេសា សប្តាហ៍មុន ដោយមានអ្នកគាំទ្រយ៉ាងច្រើន កុះករ ដែលភាគច្រើនជាយុវវ័យ ។
តំណាងសួនកំសាន្តឌ្រីមលែនឌ៍ ដែលចូលរួមរៀបចំ ការប្រគំតន្រ្តីនេះ បានឱ្យដឹងថា ប្រាក់ចំណូល ពីការលក់សំបុត្រ សម្រាប់ការប្រគំតន្រ្តីសប្បុរសធម៌របស់ឌ្រីមលែនឌ៍ឆ្នាំ២០១៣នេះ នឹងត្រូវបរិច្ចាគ២៥% ជូនដល់ មន្ទីរពេទ្យ គន្ធបុប្ផា ដើម្បីចូលរួមជួយសង្រ្គោះកុមារកម្ពុជា ។ មិនតែប៉ុណ្ណោះ ចំណូលពីការលក់ សំបុត្រនេះ ក៏នឹងត្រូវយកទៅជួយ ឧបត្ថម្ភដល់កុមាររងគ្រោះ កុមារកំព្រា នៅកម្ពុជាផងដែរ។
ការប្រគំ តន្ត្រីសប្បុរសធម៌ របស់ឌ្រីមលែនឌ៍ នឹងរៀបចំឡើង ចំនួន៣លើក ដែលលើកទី១ នៅថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០១៣ ។ លើកទី២ នៅថ្ងៃអង្គារ ទី២៨ ខែឧសភា ហើយលើកទី៣ នឹងធ្វើ នៅថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០១៣ ខាងមុខនេះ ។ តន្រ្តីថ្ងៃទី១នេះ បានទទួលការចូលរួមដោយកំពូលតារាចំរៀង ល្បីៗ ជាច្រើន ដូចជា កញ្ញាឱកសុគុនកញ្ញា, លោក ឆន សុវណ្ណរាជ លោក ខេម, កញ្ញា ទេព បូព្រឹក, កញ្ញា សំ សូដាលីន, កំពូលតារា កំប្លែង នាយ ក្រឹម និងតារាល្បីៗជាច្រើនរូបទៀត។
ប្រភពខាងលើដដែល បានឱ្យដឹងថា ការប្រគំតន្រ្តី នៅថ្ងៃទី២៨ នេះ មានភ្ញៀវជាច្រើនចូលរួម ក្នុងប្រមាណជិត ១ម៉ឺននាក់ ដែលភាគច្រើនសុទ្ធសឹងតែ ជាយុវវ័យ ។ ទោះជាយ៉ាងណា សម្រាប់សប្តាហ៍ទី២ លោកសង្ឃឹមថា នឹងមានយុវវ័យចូលទស្សនា កាន់តែច្រើនថែមទៀត ដោយសារតែលើកក្រោយនោះ ខាងអ្នករៀបចំរបស់លោក នឹងអញ្ជើញ កំពូលតារាចម្រៀងល្បីៗផ្សេងទៀត ដូចជាលោក ខេមរៈ សិរីមន្តជាដើម ៕





ផ្តល់សិទ្ធិដោយ៖ ដើមអំពិល