កំពង់ចាមៈ ជនរងគ្រោះដែល ជាអាជីវករនៅផ្សារ បឹងកុក ក្រុងកំពង់ចាម ដែលបានអះអាងថា ត្រូវបាន លោកអធិការរង នគរបាលក្រុងកំពង់ចាម ដកកំាភ្លើងភ្ជង់ក្បាល និងជេរប្រមាថនោះ បានស្នើសុំ ឲ្យសាលា ដំបូងខេត្ត ជួយពន្លឿននីតិវិធី និងស្នើសុំផ្តល់យុត្តិធម៌ ចំពោះការជម្រះក្តីនេះផង ចៀសវាង លំអៀងទៅខាងភាគី នគរបាលដែល ជាជនបង្ក ។

យោងតាមលិខិត អង្វររកយុត្តិធម៌ របស់លោកហេង ឆាយឡែន និងក្រុមគ្រួសារ ជាអាជីវកររងគ្រោះ បានសរសេររៀបរាប់ថា រូបលោក និងក្រុមគ្រួសារជាជនរងគ្រោះដោយសារការជេរប្រមាថតេះដៀល នូវពាក្យអសុរស គ្រប់បែបយ៉ាង របស់ជើងខ្លំាងទំាងពីរនាក់ ឈ្មោះស្រីតា ឈ្មោះប៉ិប ដែលហ៊ាន ជេរប្រមាថវាយ នឹងបំផ្លាញរបស់របរដល់ទីកន្លែងរបស់យើងខ្ញុំ នៅផ្សារបឹងកុក យ៉ាងសាហាវដោយគ្មានខ្លាចក្រែងអ្នកណា មិនកោតញញើត ចំពោះច្បាប់បន្តិចសោះ។

លិខិតអង្វររកយុត្តិធម៌បន្តទៀតថា ជនដៃដល់ជាប្តី របស់ស្រីតា ឈ្មោះសេង លក្សី្ម ហៅល័ក្ខ ដែលមានតួនាទីជា អធិការរងក្រុងកំពង់ចាម បានដកកំាភ្លើងខ្លី ពណ៌ខ្មៅ ពីចង្កេះ មកអាមេបញ្ចូលគ្រាប់លាន់ ក្រាក ហើយភ្ជង់ ក្បាលរបស់ខ្ញុំ (លោកហេង ឆាយឡែន) វាយខ្ញុំ ស្រែកគំរាមបម្រុង បាញ់សម្លាប់ យ៉ាងសាហាវព្រៃផ្សៃ កណ្តាលទីប្រជុំជន ហើយសំណុំរឿងនេះ បានបញ្ជូនដល់ដៃរបស់ព្រះរាជអាជ្ញាខេត្តកំពង់ចាម ហើយ តែខ្ញុំបាទភ័យខ្លាច ជនល្មើសទិញក្បាលសាក្សី ដើម្បីបំភ្លៃការពិត ធ្វើឲ្យអាក្រក់ទៅជាល្អ ខ្មៅទៅជាស ដោយសារតែក្រុមជនល្មើស មានលុយ ហើយស្គាល់អ្នកនេះអ្នកនោះ រត់ពឹងគេខ្វែង ដៃខ្វែងជើង។

ខ្ញុំបាទជា ប្រជាពលរដ្ឋទន់ខ្សោយ និងជាជនរងគ្រោះមិនដឹងថា ទៅពឹងនៅឯណាទេ មានតែបែរបន់ព្រះ និងសុំអង្វរថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់មេត្តាជួយ តាមដានសំណុំរឿងនេះ ហើយជួយផ្តល់ យុត្តិធម៌ដល់ ក្រុមគ្រួសារ របស់យើងខ្ញុំផង។

បើយោងតាមប្រភពព័ត៌មានពី មន្រ្តីកងរាជអាវុធហត្ថខេត្តក្រុងកំពង់ចាម បានឲ្យដឹងថា សំណុំរឿងនេះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម កំពុងតែចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ រួមនិងការសួរនាំសាក្សី អំពីសកម្មភាពភ្ជង់កំាភ្លើងគំរាមកំហែងនេះ។

យោងតាមប្រភពព័ត៌មានពីអាជីវករ ក្នុងផ្សារបឹងកុក បានឲ្យដឹងថា កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១២ កន្លង មកនេះ ពេលដែលលោក ឆាយឡែន និងប្រពន្ធកំពុងអង្គុយលក់មាស ក៏ស្រាប់តែឃើញអាជីករ លក់មាស៣ នាក់ទៀត គឺឈ្មោះ ស្រីតា ឈ្មោះកញ្ញា និងឈ្មោះប៊ឹប ជាម្តាយ មកស្រែកជេរប្រមាថ និងចាប់បោក បំផ្លាញរបស់របរ ក្នុងតូបរបស់លោកឆាយឡែន។ អាជីវករក្នុងផ្សារបឹងកុក ក៏បានឲ្យដឹងទៀតថា ក្រោយពីជេរ ប្រមាថ និងបំផ្លាញទ្រព្យសម្បត្តិ ដោយសារកាច់កុងគ្នារឿងរកស៊ី បានប្រហែល៣០ នាទី ក្រុមអាជីវករ ក្នុងផ្សារជាច្រើន ក៏បាននាំគ្នាមកអន្តរាគមន៍ ហើយភ្លាមនោះដែរ ស្រាប់តែលេចមុខលោក សេង លក្សី្ម អធិការរងនគរបាលក្រុងកំពង់ចាម ក្នុងសំលៀកបំពាក់ជាស៊ីវិល ដើរចូលមកបណ្តើរហើយដៃ របស់គាត់ ដកកំាភ្លើង ចេញពីចង្កេះ បណ្តើរ រួចបញ្ចូលគ្រាប់អាមេស្រែកថា អ្ហែងចង់ងាប់ ហ៊ានប៉ះពាល់លើគ្រួសារអញ ។ ហើយក៏យកកំាភ្លើងភ្ជង់ចំកណ្តាលថ្ងាសរបស់ឈ្មោះហេង ឆាយឡែន  ប៉ុន្តែត្រូវបានក្រុមគ្រួសារ គាត់ទាញដៃ ចេញ។

ជុំវិញករណីនេះដែរ ជនរងគ្រោះបានដាក់ពាក្យប្តឹងលោកអធិការរង នគរបាលក្រុងកំពង់ចាម ដែលបាន ធ្វើសកម្មភាពភ្ជង់កំាភ្លើង និងគំរាមកំហែង ហើយនិងធ្វើការទាមទារសំណងជំងឺចិត្តចំនួន៨០ លានរៀល ពីជនបង្ក ។

ជាមួយគ្នានេះដែរ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅមិនទាន់អាចទំនាក់ទំនង ជាមួយអធិការរងនគរបាល ក្រុងកំពង់ចាម លោក សេង លក្សី្ម ជុំវិញនិងការចោទប្រកាន់នេះបាននៅឡើយទេ។ ប៉ុន្តែកន្លងមក លោកធ្លាប់ បានប្រាប់បញ្ជាក់ ដល់ក្រុមអ្នកយកព័ត៌មាន យ៉ាងខ្លីថា គាត់មិនបានប្រព្រឹត្ត ដូចការប្តឹងចោទប្រកាន់នោះទេ៕

/

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល