ម្ចាស់របស់ផ្ទះមួយខ្នង នៅទីក្រុង Detroit អាមេរិក បានបង្ហាញនូវការអស់សង្ឃឹម រហូតដល់គាត់ត្រៀមខ្លួនជាស្រេច ក្នុងការប្ដូរផ្ទះនេះ ដើម្បីយកទូរស័ព្ទឆ្លាតវៃ iPhone 6 របស់ Apple ។

ជាច្រើនខែបានកន្លងផុតទៅ ផ្ទះមួយខ្នងដែលមានពីរជាន់ មានបន្ទប់ដេកចំនួន ៣ នៅតែស្ថិតក្នុងបញ្ជីឈ្មោះ នៃការដាក់លក់នៅលើទីផ្សារ បើទោះម្ចាស់របស់វា បានបញ្ចុះតម្លៃមកនៅត្រឹមប្រហែល ៣.២០០ដុល្លារអាមេរិក។

បច្ចុប្បន្ន ម្ចាស់ផ្ទះខាងលើនេះ ដែលជាបុរសម្នាក់ រស់នៅឯប្រទេសអូទ្រីស បាននិយាយជាមួយតំណាងក្រុមហ៊ុនអចលនទ្រព្យថា គាត់ត្រៀមខ្លួនជាស្រេច ដើម្បីប្ដូរផ្ទះរបស់ខ្លួន ជាមួយនឹងស្មាតហ្វូន iPhone 6 របស់ Apple ឬកុំព្យូទ័រ ថេប្លេត iPad 32GB មួយគ្រឿង។

បុរសជាម្ចាស់ បានទិញផ្ទះនេះ កាលពី ៤ឆ្នាំមុខ ក្នុងតម្លៃជាង ៤០.០០០ដុល្លារអាមេរិក ដោយសង្ឃឹមថា នឹងអាចរកបានចំណេញច្រើន ក្រោយពីលក់វាទទៅវិញ។ ប៉ុន្ដែ ដោយសារតែស្ថានភាពនៃទីក្រុង ធ្លាក់ចុះ តម្លៃរបស់ផ្ទះ ក៏ធ្លាក់ចុះទៅតាម។

ផ្ទះនេះ ត្រូវបានគេទុកចោល ចាប់ពីឆ្នាំ ២០១០ រហូតដល់បច្ចុប្បន្ន។ គេហទំព័ររបស់ក្រុមហ៊ុនអចលនទ្រព្យ ឱ្យដឹងថា ផ្ទះដែលមានបន្ទប់ក្រោមដីនេះ មានបន្ទប់គេងចំនួន ៣ បន្ទប់ទឹក ១ ផ្ទះដាក់រថយន្ដ ១ និងមានចម្ងាយពីមណ្ឌុលទីក្រុងត្រឹមតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះ។

ប៉ុន្ដែ ម្ចាស់ថ្មីរបស់ផ្ទះនេះ នឹងត្រូវចំណាយប្រាក់យ៉ាងច្រើន ទៅលើផ្ទះនេះ ដូចជា បង់ពន្ធជូនរដ្ឋ ក្នុងរយៈពេល ៤ឆ្នាំ ប្រហែល ៦.០០០ដុល្លារ ព្រមទាំងត្រូវជួសជុលទ្វារ បង្អួច ឥដ្ឋ សម្ភារក្នុងផ្ទះ រួមនឹងសម្អាតស្មៅជុំវិញផ្ទះផងដែរ។

Larry Else ដែលជាបុគ្គលិករបស់ក្រុមហ៊ុនអចលនទ្រព្យ ឱ្យដឹងថា ៖ “អតិថិជនរបស់ខ្ញុំ ដែលជាម្ចាស់នេះ កំពុងតែរស់នៅឯបរទេស ហើយគាត់បានសុខចិត្តលក់ផ្ទះនេះ ក្នុងតម្លៃស្មើនឹង iPhone 6។ គាត់ក៏បានទទួលស្គាល់ថា ផ្ទះនេះ កំពុងតែទ្រុឌទ្រោម និងត្រូវការជួសជុលឡើងវិញ”៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ NYDaily/ABCnews