ភ្នំពេញៈ យុវជនពីរនាក់ ជិះម៉ូតូមួយគ្រឿង បិទស្គុតខ្មៅលើស្លាកលេខ ត្រូវកម្លាំងនគរបាល ប្រចាំគោលដៅ វ៉េងស្រេង សង្ស័យឃាត់ធ្វើការសាកសួរ និងត្រួតពិនិត្យកាតគ្រី ប៉ុន្តែបន្ទាប់ពីពិនិត្យឃើញថា ទំាំងកាតគ្រី និងស្លាកលេខក្លែងក្លាយ ទាំងអស់ រួចហើយបញ្ជូនមកកាន់ជំនាញ ព្រហ្មទណ្ឌ ដើម្បីកសាងសំណុំរឿង បញ្ជូន ទៅកាន់តុលាការ ចាត់ការទៅ តាមផ្លូវច្បាប់ ។

ហេតុការណ៍ ឃាត់ខ្លួននេះ កើតឡើងកាលពីវេលាម៉ោង ១០ និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវ វ៉េងស្រេង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក ចាប់ ចាន់ថា អធិការរង នគរបាលខណ្ឌពោធិ៍សែនជ័យ ទទួលផែន ព្រហ្មទណ្ឌបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះ ទី១ មានឈ្មោះ សុន រតនា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរនៅផ្ទះ ជាម្ចាស់ម៉ូតូ និងទី២ ឈ្មោះ ហ៊ីម ពន្លក ភេទប្រុស អាយុ ២៧ ឆ្នាំ នៅផ្ទះ អ្នកទាំងពីរ រស់នៅភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុក សំរោង ខេត្តកំពង់ស្ពឺ ជិះម៉ូតូមួយគ្រឿង ម៉ាក SL ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1AS-8910 ។

ជនសង្ស័យ ទី១ បានបំភ្លឺប្រាប់នគរបាលនោះថា ម៉ូតូមួយគ្រឿងនេះ ត្រូវឪពុករបស់ខ្លួន ទិញមកក្នុងតម្លៃ ជាង ២ ពាន់ដុល្លារ ហើយស្លាកលេខនេះ ឪពុករបស់គេ ជាអ្នកធ្វើទាំងអស់ តែបិទស្គុតខ្មៅនេះ គឺដោយសារតែស្លាកលេខ នោះ ខូចផ្នែកកណ្តាល ទើបបិទកុំឲ្យវាអាក្រក់មើល ។ ចំណែកឯជនសង្ស័យទី២ វិញ បាននិយាយថា ខ្លួនគឺជា អ្នកជិតខាង និងម្ចាស់ម៉ូតូ ហើយម្ចាស់ម៉ូតូបានហៅខ្លួន ឲ្យជិះមកភ្នំពេញ ជាមួយបានជាគ្នា ដោយគេប្រាប់ថា គេមកប្តូរប័ណ្ណបើកបររថយន្ត ហើយការបិទស្គុតខ្មៅស្លាកលេខម៉ូតូនោះ គេពុំបានចាប់អារម្មណ៍នោះទេ លុះ ដល់នគរបាល ឃាត់ទើបដឹង ហើយម្យ៉ាងវិញទៀត គេពុំដឹងថា បិទខ្មៅព្រិលៗមានកំហុសនោះទេ ។

លោក ប៊ន សំអាត អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ចំពោះម៉ូតូបិទស្គុតខ្មៅស្លាកលេខនេះ ត្រូវបាន លោក ជួន សុវណ្ណ ដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងបំផុត ត្រូវខិតខំលុបបំបាត់ឲ្យបានពីព្រោះម៉ូតូដែលបិទ ស្គុតខ្មៅនេះ ហើយជាមុខសញ្ញា ចោរឆក់ ចោរប្លន់ ចោរលួច គ្រប់ប្រភេទ ដែលពួកគេធ្វើសកម្មភាព ហើយគេច ខ្លួនរួចយ៉ាងស្រួលនោះ ដោយសារតែយើងមើលស្លាកលេខគេមិនឃើញនោះ ។

លោកបានបន្តទៀតថា ជារៀងរាល់យប់ លោកតែងតែពង្រឹងកម្លាំង ឲ្យដើរល្បាតតាមដងផ្លូវពិនិត្យមើលម៉ូតូណាដែលបិទស្គុតខ្មៅ បើឃើញត្រូវតែឃាត់ត្រួតពិនិត្យជាបន្ទាន់ ហើយការពង្រឹងបែបនេះ គឺធ្វើឡើងទៅតាមការណែនាំ និងចង្អុលបង្ហាញ របស់លោកស្នងការ ដើម្បីពង្រឹងសន្តិសុខ នៅក្នុងមូលដ្ឋាន ឲ្យបានកាន់តែប្រសើរបន្ថែមទៀត ។ ចំណែកឯជនសង្ស័យ ទាំងពីរនាក់ ត្រូវកម្លាំងលោក កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បី ចាត់ការទៅតាមផ្លូវច្បាប់ ពីព្រោះប្រើស្លាកលេខក្លែងក្លាយខុសច្បាប់៕

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល