យ៉ាងហោច ១៥៩នាក់ស្លាប់ និង ៣៦៨នាក់រងរបួស បន្ទាប់ពីមានគ្រោះរញ្ជូយផែនដីកម្លាំង ២,២ richter កើតឡើង កាលពីម្សិលមិញ ធ្វើឱ្យញាប់ញ័រភាគកណ្ដាលនៃប្រទេសអ៊ីតាលី។

/

ទីភ្នាក់ងារអង្កេតភូគព្ភសាស្ត្រអាមេរិក(USGS) បានឱ្យដឹងថា គ្រោះរញ្ជូយផែនដីនេះ កើតឡើងនៅភាគនិរតីនៃទីក្រុង Perugia ក្នុងតំបន់ Umbria កាលពីវេលាម៉ោង ៣និង៣៦នាទី (ម៉ោង១និង៣៦នាទី GMT)។ យោងតាមអាជ្ញាធរដែនដី ទីរួមស្រុក Amatrice និង Accumoli គឺជាកន្លែងដែលរងគ្រោះធ្ងន់បំផុត នេះបើតាមសេចក្ដីរាយការណ៍នៃទំព័រ Yahoo News ។ មកដល់ពេលនេះ កម្លាំងជួយសង្គ្រោះ នៅតែកកាយរកមនុស្សដែលអាចនៅមានជីវិត។

នាយករដ្ឋមន្ដ្រីអ៊ីតាលី Matteo Renzi បានសន្យាថា នឹងបន្តជួយសង្គ្រោះមនុស្សដែលនៅមានជីវិត ក៏ដូចជាជួយដល់គ្រួសារដែលបានបាត់បង់ផ្ទះសម្បែង។

Michael Gilroy ពលរដ្ឋអាមេរិក ជាមួយនឹងមិត្តស្រី នៅជាន់ទីពីរនៃសណ្ឋាគារមួយនៅទីរួមស្រុក Montepulciano បានឱ្យដឹងថា ៖ “យើងខ្ញុំប្រញាប់ប្រមូលរបស់របរ និងរត់ចេញពីសណ្ឋាគារ យ៉ាងប្រញាប់ ដូចអ្នកដទៃ។ ខ្ញុំបានឃើញអំពូលភ្លើងយោលទៅយោលមកយ៉ាងខ្លាំង ហើយខ្ញុំដឹងថា កំពុងតែមានអ្វីកើតឡើង”។

/

Michael Gilroy បន្តថា កម្រិតនៃការខូចខាតនៅ Montepulciano ដែលជាទីរួមស្រុកមួយនៅក្បែរភ្នំមួយនៅភាគខាងត្បូង Tuscany គឺពិតជាធំធេង។ Gilroy ថ្លែងថា ៖ “ផ្ទះជាច្រើនបានដួលរលំ បាក់ស្រុតលើដងផ្លូវ”។

កាលពីឆ្នាំ ២០០៩ ក៏មានគ្រោះរញ្ជូយដីមួយដែលមានកម្លាំង ៦,៣ richter កើតឡើងនៅក្បែរទីរួមស្រុក L’Aquila ភាគកណ្ដាលអ៊ីតាលី បណ្ដាលឱ្យមានមនុស្សស្លាប់ ២៩៥នាក់ និងជាង ១.០០០នាក់ផ្សេងទៀតរងរបួស ខណៈមនុស្ស ៥៥.០០០នាក់ បានបាត់បង់ផ្ទះសម្បែង។

កាលពីខែកញ្ញា ឆ្នាំ ១៩៩៧ គ្រោះរញ្ជូយដីដែលមានកម្លាំង ៦ richter បានបណ្ដាលឱ្យមានមនុស្សស្លាប់ ១១នាក់ រួមនឹង ១០០នាក់ រងរបួស។ គ្រោះរញ្ជូយដីនេះ បានបំផ្លាញផ្ទះអស់ ៨០.០០០ខ្នង នៅតំបន់ Marche និង Umbria។

ថ្ងៃទី ១៣មករា ឆ្នាំ ១៩១៥ គ្រោះរញ្ជូយដីកម្លាំង ៦,៧ richter បានកើតឡើងនៅតំបន់ Abruzzo ក្បែរក្រុង Avezzano បានសម្លាប់មនុស្សប្រហែល ៣២.០០០នាក់។

យោងតាម AP ទីភ្នាក់ងារអង្កេតភូគព្ភសាស្ត្រអាមេរិក ក៏បានឱ្យដឹងថា គ្រោះរញ្ជួយដីដែលមានកម្លាំង ៦,៨ richter ក៏បានកើតឡើងនៅភាគខាងលិចទីក្រុង Bagan ប្រហែល ២៥គីឡូម៉ែត្រ។ គ្រោះរញ្ជូយដីនេះ បានបណ្ដាលឱ្យវត្តពុទ្ធសាសនាប្រមាណជា ៩៤វត្ត ត្រូវរងការខូចខាត៕

ប្រែសម្រួល ៖ តារា