ប្រទេសចិនបានប្រកាសបង្ហាញនូវរូបភាពដំបូងរបស់រ៉ូបូតមួយដែលតាមគម្រោងនឹងចុះចត និងស្រាវជ្រាវភពអង្គារនៅក្នុងឆ្នាំ ២០២០។

ទំព័រ BBC កាលពីថ្ងៃព្រហស្បតិ៍បានចេញផ្សាយថា រ៉ូបូតស្រាវជ្រាវភពអង្គាររបស់ចិន មានទម្ងន់ ២០០គីឡូក្រាម បំពាក់កង់ចំនួន ៦ និងផ្ទាំងសូឡាចំនួន ៤ ដំណើរការប្រហែល ៩២ថ្ងៃ។ រ៉ូបូតនេះ ក៏នឹងបំពាក់ឧបករណ៍សំខាន់ៗចំនួន ១៣ មានដូចជា កាមេរ៉ា រ៉ាដាមើលឃើញក្រោមដី ដើម្បីធ្វើការពិសោធមើលផ្ទៃដី បរិស្ថាន និងរចនាសម្ព័ន្ធខាងក្នុងរបស់ភពព្រះអង្គារ ទន្ទឹមនឹងការស្រាវជ្រាវរកដាននៃទឹក និងទឹកកក។
ប្រទេសចិន កំពុងតែវិនិយោគច្រើនទៅលើកម្មវិធីអវកាស ដើម្បីតាមឱ្យទាន់អាមេរិក និងអឺរ៉ុប។ កាលពីខែមេសា ចិនបានប្រកាសនូវគម្រោងបាញ់បង្ហោះយានអវកាសដែលហោះហើរជុំវិញភពអង្គរ និងឱ្យរ៉ូបូតចុះចត និងធ្វើដំណើរនៅលើផ្ទៃដីរបស់ភពអង្គារនៅឆ្នាំ ២០២០។
យោងតាម Ye Peijian ទីប្រឹក្សានៃកម្មវិធីអវកាសរបស់ចិន ឱ្យដឹងថា កាំជ្រួច Long-March 5 នឹងចេញដំណើរពីមជ្ឈមណ្ឌលបាញ់បង្ហោះ នៅភាគខាងត្បូងកោះហៃណាន ដោយនាំទៅជាមួយនូវរ៉ូបូតមួយ។ រ៉ូបូតនេះ នឹងផ្ដាច់ខ្លួនចេញពីយានអវកាសនៅដំណាក់កាលចុងក្រោយនៃការធ្វើដំណើររយៈពេល ៧ខែ និងចុះចតនៅក្បែរខ្សែអេក្វាទ័ររបស់ភពអង្គារ។

សូមរំលឹកថា ការព្យាយាមដំបូងរបស់ចិន ដើម្បីនាំផ្កាយរណបឡើងទៅកាន់គន្លងគោចររបស់ភពព្រះអង្គារ បានបរាជ័យកាលពីឆ្នាំ ២០១១ នៅពេលកាំជ្រួចរុញច្រានដែលផលិតដោយរុស្ស៊ី មិនអាចចាកចេញផុតពីគន្លងគោចររបស់ផែនដី។ បើសិនគម្រោងថ្មីទទួលបានជោគជ័យ ប្រទេសចិននឹងក្លាយជាប្រទេស/អង្គការទី ៥ ដែលមានយានអវកាសហោះហើរជុំវិញភពព្រះអង្គារ បន្ទាប់ពីអាមេរិករុស្ស៊ី អឺរ៉ុប និងឥណ្ឌា។
ប្រែសម្រួល ៖ តារាប្រភព ៖ techcrunch