យានអវកាស​ New Horizons របស់ NASA បានឆ្លងកាត់ចម្ងាយផ្លូវជិត 5ពាន់លានគីឡូម៉ែត្រ ក្នុងរយៈពេល 9ឆ្នាំ ចាប់តាំងពីឆ្នាំ 2006 ទើបទៅដល់ភពភ្លុយតុង។ បច្ចុប្បន្ន យានអវកាស នេះកំពុងតែហោះហើរនៅក្នុងតំបន់កំបាំងរបស់កូនភពភ្លុយតុង ពោលគឺនៅចម្លោះភព នេះ និងព្រះចន្ទទី១របស់វា គឺ Charon។

/

បន្ទាប់ពីបានមកដល់ និងហោះជុំវិញភពភ្លុយតុង យានអវកាស New Horizons បានចាប់ផ្ដើមភារកិច្ចរបស់ខ្លួន នោះគឺថតយករូបភាពជាក់ស្ដែង និងវាស់វែងទំហំរបស់ភពនេះ។ ក្រោយពីទទួលបានបណ្ដារូបថត ភ្លាមនោះ NASA ក៏បានប្រកាសបង្ហាញជូនដល់ក្រុមតារាវិទូ និងអ្នកវិទ្យា​សាស្ដ្រ។

រូបភាពដែលទទួលបានគឺពិតជាខុសទៅនឹងអ្វីដែលក្រុមអ្នកវិទ្យាសាស្ដ្របានគិត។ ក្នុងរូបថត គេឃើញមានតំបន់មួយពណ៌ ស រាងដូចបេះដូង ហើយនៅក្បែរៗនោះ គឺជាតំបន់ដែលមានពណ៌ស្រអាប់។

សម្រាប់អ្វីដែលបានមើលឃើញ ក្រុមអ្នកវិទ្យាសាស្ដ្រសន្និដ្ឋានថា នៅលើភពភ្លុយតុងមិនមានថ្ម និងដីច្រើននោះទេ ប៉ុន្តែ វាអាចជាស្រទាប់ទឹកកកដ៏មហាសាល ហើយខាងក្រោមផ្ទាំងទឹកកកនោះគឺជាមហាសាគរ។ ទន្ទឹមនឹងនេះ បណ្ដារណ្ដៅមូលៗ អាចជាមាត់ភ្នំភ្លើង។

/

តាមការវាស់វែងដែលយានអវកាស New Horizons បានបញ្ចូនមក ភពភ្លុយតុងមានអង្កត់ផ្ចិត 2.370 km គឺធំជាងការព្យាករមុននេះ 80km។ ដូច្នេះ ភ្លុយតុង ត្រូវបានបញ្ជាក់ថា ជាកូនភពធំបំផុតក្នុងប្រព័ន្ធព្រះអាទិត្យ។ មុននេះ តំណែងនេះបានទៅលើ Eris ដែលជាកូនភពមួយស្ថិតនៅផ្នែកខាងក្រៅនៃខ្សែក្រវ៉ាត់ Kuiperរបស់ប្រព័ន្ធព្រះអាទិត្យ។

NASA បានឱ្យដឹងថា យានអវកាសរបស់ខ្លួននឹងបន្តចូលទៅក្បែរកូនភពភ្លុយតុង ដើម្បីប្រមូលទិន្នន័យ រួមនឹងរូបភាពច្បាស់ជាងនេះបន្ថែមទៀត អំពីផ្ទៃខាងលើរបស់ភ្លុយតុង។

/

ដោយសារតែកូនភពភ្លុយតុង គឺជាសំណល់ហ្វូស៊ីលនៃដំណាក់កាលដំបូងនៃការកកើតប្រព័ន្ធព្រះអាទិត្យ ដូច្នេះ ការសិក្សាស្រាវជ្រាវអំពីភពនេះ គឺពិតជាមានសារសំខាន់ ក្នុងការស្វែងយល់ ឱ្យកាន់តែច្បាស់អំពីការកកើតនៃប្រព័ន្ធព្រះអាទិត្យរបស់មនុស្ស៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ NASA/The Guardian‎