ភ្នំពេញ ៖ អ្នកបើកម៉ូតូសង់កូរ៉េម្នាក់រង របួសធ្ងន់ បន្ទាប់ពីអ្នកបើក រថយន្ដមែកសឺ ដេសមួយគ្រឿង បើកបុកពេញទំហឹង កាល ពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅលើកំណាត់ផ្លូវ ព្រះនរោត្ដម កែងផ្លូវលេខ១៥៤ សង្កាត់ ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ប៉ុន្ដែអ្នកបើក រថយន្ដបង្កហេតុ មិនបានឈប់ ដើម្បីដោះ ស្រាយជាមួយភាគីម៉ូតូនោះទេ ដោយបន្ដ បើក រត់រហូតដល់ក្រោយមន្ទីរពេទ្យ កុមារជាតិ ក៏ត្រូវកម្លាំងនគរបាលចរាចរជើង គោករាជធានីភ្នំពេញ និងកម្លាំងសមត្ថ កិច្ចមូលដ្ឋាន ចាប់រថយន្ដបាន ។
មន្ដ្រីនគរបាលចរាចរជើងគោករាជធានី ភ្នំពេញ បានឱ្យដឹងថា នៅវេលាម៉ោង កើត ហេតុខាងលើនេះ មានរថយន្ដមែកសឺដេសមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2A-7478 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្ដសញ្ញាណ ក្នុងទិសដៅពីត្បូងទៅជើង រួចបត់ឆ្វេងឆ្ពោះទៅផ្លូវលេខ១៥៤ក៏បុកម៉ូតូសង់កូរ៉េពណ៌ក្រហមមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1AI-8301 ជិះតែម្នាក់ឯងបណ្ដាលឱ្យរងរបួសធ្ងន់។
បើយោងតាមមន្ដ្រីនគរបាលចរាចរណ៍ ក្រោយបង្កគ្រោះថ្នាក់ចរាចរហើយ បណ្ដាលឱ្យលោកគឹម ឡេង រងរបួសធ្ងន់នោះ អ្នកបើករថយន្ដមែកសឺដេស បានបើក រត់រហូតដល់ផ្លូវលេខ១២២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក (ក្រោយពេទ្យកុមារជាតិ) ក៏ត្រូវបានសមត្ថកិច្ចឃាត់រថយន្ដបានតែម្ដង ខណៈអ្នកបើក រថយន្ដបានរត់គេចខ្លួនបាត់ស្រមោលតែម្ដង ។
យ៉ាងណាក៏ដោយ នៅពេលកម្លាំងនគរ បាលចរាចរណ៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចាប់រថយន្ដនៅក្រោយមន្ទីរពេទ្យកុមារជាតិនោះ ស្រាប់តែមានមនុស្ស ចំនួន៣នាក់ បាន ចេញមករារាំង រួចហើយមានមនុស្ស៥-៦នាក់ថែមទៀតបានមកឃាត់ មិនឱ្យកម្លាំងនគរបាលចរាចរណ៍និងកម្លាំងសមត្ថកិច្ចយករថយន្ដទៅរក្សាទុក ហើយ បានយកកាមេរ៉ា ថតមកសមត្ថកិច្ចទៀតផង។
យ៉ាងណាក៏ដោយ បើទោះបីមានការ រារាំងយ៉ាងដូច្នេះ ពីក្រុមខាងលើ ដើម្បីមិនចង់ឱ្យសមត្ថកិច្ចស្ទូចយករថយន្ដទៅរក្សាទុកនោះ ក៏សមត្ថកិច្ចចរាចរ ត្រូវតែស្ទូច ដាក់លើរថយន្ដយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោកទាំងយប់ផងដែរ ។
មន្ដ្រីនគរបាលចរាចរបានឱ្យដឹងថា សមត្ថកិច្ចបាននឹងកំពុងកសាងសំណុំរឿងទៅ កាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី បើទោះបីអ្នកបើក រថយន្ដបានរត់គេចខ្លួនក៏ដោយនោះ៕



ផ្តល់សិទ្ធិដោយ៖ ដើមអំពិល