រតនគីរី ៖ កម្លាំងអាវុធហត្ថ លើផ្ទៃ ប្រទេស ដែលប្រចាំការនៅតាមផ្លូវជាតិ លេខ ៧៨ ក្នុងខេត្ដរតនគីរីបានកើតមាន ជម្លោះរហូតដល់វាយតប់គ្នាជាមួយក្រុមឈ្មួញរកស៊ីឈើប្រណីត បណ្ដាលឱ្យឈ្មួញម្នាក់ រងរបួសធ្ងន់ត្រូវដឹកបញ្ជូនទៅកាន់ មន្ទីរពេទ្យ ក្នុងប្រទេសវៀតណាម នៅ ពេលដែលកម្លាំងអាវុធហត្ថទាំងនេះ បាន ដេញ ស្ទាក់រថយន្ដដឹកឈើប្រណីត បង្កជា ជម្លោះកើតឡើង កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៣ ។

សេចក្ដីរាយការណ៍ ពីមន្ដ្រីអាវុធហត្ថ ម្នាក់បានឱ្យដឹងថា នៅវេលាម៉ោងកើត ហេតុខាងលើ កម្លាំងអាវុធហត្ថលើផ្ទៃ ប្រទេស ដឹកនាំដោយលោក វុឌ្ឍ បានបើក រថយន្ដ ២ ទៅ៣គ្រឿង តាមផ្លូវជាតិលេខ ៧៨ ចាំប្រដេញរថយន្ដណា ដែលសង្ស័យថា មានដឹកឈើប្រណីត ឆ្ពោះទៅកាន់ប្រទេស វៀតណាម ។ ពេលនោះមានរថយន្ដ ១ គ្រឿង ដឹកឈើឆ្លងកាត់ក៏ត្រូវកម្លាំងអាវុធ ហត្ថដេញតាម តាំងពីទីរួមក្រុងបានលុង រហូតដល់ស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង ក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ សល់ ២គីឡូម៉ែត្រទៀត ដល់ទឹកដីវៀត ណាមនោះ ស្រាប់តែភាគីទាំង ២ មាន ជម្លោះរហូតដល់វាយតប់គ្នា បណ្ដាលឱ្យ ឈ្មួញឈើម្នាក់ ឈ្មោះ ចាប សាមាន អាយុ ២៦ឆ្នាំ រងរបួសជាទម្ងន់ ត្រូវដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ ក្នុងប្រទេសវៀត ណាម។ យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋមួយ ចំនួន បានរិះគន់ក្រុម សមត្ថកិច្ចទាំងនេះ ដែលដាក់រថយន្ដប្រចាំ ការនៅតាមផ្លូវជាតិលេខ ៧៨ ដើម្បីស្ទាក់ ចាប់រថយន្ដដឹកឈើ ប៉ុន្ដែ ក្នុងរូបភាពខ្លះធ្វើ ឡើង ដើម្បីគោះយកលុយពីឈ្មួញតែ ប៉ុណ្ណោះ ។ ដើមអម្ពិល មិនទាន់អាចសុំការ បកស្រាយ ពីលោក វុឌ្ឍ ដែលជាប្រធាន ដឹកនាំដេញបង្ក្រាបរថយន្ដ ដឹកឈើប្រណីត នេះនៅឡើយទេ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល