ក្រសួងការពារជាតិអាមេរិកកាលពីថ្ងៃទី៧ខែកញ្ញាបានប្រកាសថា កងទ័ពប្រទេសនេះ
នឹងបង្កើនការប្រុងប្រយ័ត្ននៅតាមបណ្ដាទីតាំងយោធានៅទូទាំងអាមេរិកដោយរួមទាំង
មន្ទីរបញ្ចកោណ នៅមុនថ្ងៃរំលឹកខួប១០ឆ្នាំនៃការវាយប្រហារមកលើអាគារពាណិជ្ជកម្ម
ពិភពលោក WTC នៅក្នុងអំពើភេរវកម្មកាលពីថ្ងៃទី១១កញ្ញាឆ្នាំ២០០១។
លោក George Little អគ្គលេខាធិការផ្នែកសារព័ត៌មាននៃមន្ទីរបញ្ចកោណបានឱ្យដឹងថា
ការសម្រេចចិត្តខាងលើដើម្បីការពារសុវត្ថិភាពគឺមិនបានផ្ដើមចេញពីការគំរាមកំហែង
ណាមួយនោះទេ តែនេះគឺជាវិធីសាស្រ្តដើម្បីការពារខ្លួនដែលចាត់ទុកថាជាការឆ្លាតវៃ
ព្រោះថា al-Qaeda ធ្លាប់បានរៀបគម្រោងធ្វើការវាយប្រហារក្នុងថ្ងៃរំលឹកខួបអនុស្សាវរីយ៍
សំខាន់ៗកាលពីអតិតកាល។
លោក Little ថ្លែងថា៖ Al-Qaeda ធ្លាប់ធ្វើការវាយប្រហារទៅលើពិធីធំៗកាលពីអតីតកាល
ដែលប្រការនេះយើងទាំងអស់គ្នាបានដឹងរួចហើយ ចំណែកពិធីរំលឹកខួប១០ឆ្នាំនេះក៏ធ្លាប់
ត្រូវបាននិយាយដល់នៅវិមាន Abbottabad ផងដែរ។
បន្ទាប់ពីកងកម្លាំងកម្មង់ដូ អាមេរិកបានសម្លាប់ Osama bin Laden នៅ Abbottabad
ប្រទេស Pakistan កាលពីខែឧសភា មន្ត្រីផ្នែកស៊ើបការណ៍ អាមេរិក បានរកឃើញនូវ
ឯកសារជាច្រើនដែលបង្ហាញថា មេដឹកនាំរបស់ al-Qaeda ពិតជាចង់បើកការវាយប្រ
ហារនៅថ្ងៃទី១១កញ្ញាឆ្នាំនេះ។
ទំព័រ Wall Street Journal និយាយថា មេបញ្ជាការ John Kirby ដែលជាអ្នកនាំពាក្យរបស់
មន្ទីរបញ្ចកោណ ធ្លាប់បានបដិសេធមិនអធិប្បាយអំពីគម្រោងដែលនឹងត្រូវអនុវត្តដើម្បី
ការពារសុវត្ថិភាពនៅតាមទីតាំងយោធារបស់អាមេរិកនៅបរទេស។
កាលពីថ្ងៃទី២កញ្ញា ក្រសួងការបរទេសអាមេរិកបានព្រមានចំពោះអ្នកទេសចរណ៍នៅទូ
ទាំងពិភពលោកនៅមុនពិធីរំលោកខួបនៃអំពើភេរវកម្មថ្ងៃ១១កញ្ញា ដោយបានអំពាវនាវ
ដល់ពលរដ្ឋអាមេរិកដែលកំពុងរស់នៅនិងដើរទេសចរណ៍នៅបរទេសឱ្យមានការប្រុង
ប្រយ័ត្នផងដែរ។
គម្រោងបង្កើនការប្រុងប្រយ័ត្ននៅតាមទីតាំងយោធារបស់អាមេរិកត្រូវបានបញ្ជាការដ្ឋាន
ភាគខាងជើងប្រទេសនេះលើកឡើងហើយត្រូវបានអនុមត័យល់ព្រមដោយអគ្គមេបញ្ជា
ការជាន់ខ្ពស់ Mike Mullen និងរដ្ឋមន្រ្តីការពារជាតិលោក Leon Panetta។
គួររំលឹកថា ព្រឹត្តិការណ៍ភេរវកម្មកាលពីថ្ងៃទី១១កញ្ញាឆ្នាំ២០០១នៅអាមេរិកបានបណ្ដាល
ឱ្យមានមនុស្សស្លាប់ចំនួន២.៩៧៧នាក់ដែលភាគច្រើនគឺនៅក្នុងក្រុម New York ខណៈ
ដែលមានចំនួន១៨៤នាក់ស្លាប់នៅមន្ទីរបញ្ចកោណនិង៤០ផ្សេងទៀតបានស្លាប់នៅពេល
ធ្វើដំណើរតាមជើងយន្ដហោះ៩២ដែលហោះហើរមកកាន់ Pennsylvania។ក្នុងចំណោមអ្នក
ស្លាប់នេះក៏រួមមានទាំងក្រុមភេរវកម្មប្លន់យន្ដហោះចំនួន១៩នាក់ផងដែរ៕
ដោយៈសូរីយ៉ា