ថ្មីៗនេះ កូរ៉េខាងត្បូងបានចុះកិច្ចសន្យាទិញកាំជ្រួចទំនើបរបស់ អ៊ីស្រាអែល
ដើម្បីការពារតំបន់ដែលធ្លាប់ត្រូវបានវាយប្រហារដោយកូរ៉េខាងជើងកាល
ពីឆ្នាំទៅ។



យោងតាម AP កិច្ចសន្យាទិញលក់កាំជ្រួចរវាងកូរ៉េខាងត្បូងនិងអ៊ីស្រាអែល ត្រូវបានធ្វើ
ឡើងតែងតែពីខែកក្កដាមកម៉្លេះ។កិច្ចសន្យានេះមានតម្លៃជាទឹកប្រាក់សារុបគឺ៤៣លាន
ដុល្លារដោយរួមមានកាំជ្រួច Spike NLOS ចំនួន៦៧ដើម។កូរ៉េខាងត្បូងនឹងដាក់កាំជ្រួច
ទាំងនេះនៅលើកោះ Baengnyeong និង Yeonpyeong ក្នុងសមុទ្រលឿងយ៉ាងឆាប់គឺនៅ
ចុងឆ្នាំនេះ។

ក្រុមហ៊ុនមួយដែលមានជំនាញផ្នែកប្រព័ន្ធការពារទំនើប Rafael របស់ អ៊ីស្រាអែល បាន
ឱ្យដឹងថា កាំជ្រួចទាំងនេះអាចមានរយៈចម្ងាយរហូតដល់២៥គម ហើយអាចវាយប្រហារ
ទៅលើទីតាំងកំបាំងផងដែរ។អ៊ីស្រាអែល គឺជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញ
អាវុធធំជាងគេក្នុងពិភពលោក ប្រទេសនេះធ្លាប់បានផ្ដល់អាវុធដល់ប្រទេស ទួរគី អង់គ្លេស
អាមេរិកនិងប្រទេសនៅអ៊ឺរ៉ុបមួយចំនួនទៀត។
បច្ចុប្បន្ន កូរ៉េខាងត្បូងកំពុងបែងចែកកាំភ្លើងធំស្វ័យប្រវត្តិ ទីតាំងបាញ់ពហុកាំជ្រួច រ៉ាដា
និងអាវុធទំនើបៗជាច្រើនរួមនឹងទាហានជើងទឹករាប់ពាន់នាក់នៅលើកោះសំខាន់ៗក្បែរ
ប្រទេសទាំងពីរ។


ការខិតខំប្រឹងប្រែងដើម្បីបន្ថែមអាវុធនៃប្រទេស កូរ៉េខាងត្បូងនៅលើកោះទាំងនោះគឺត្រូវបាន
ធ្វើឡើងក្រោយពីការរិគន់អំពីភាពយឺតយ៉ាវក្នុងការឆ្លើយតបទៅនឹងការវាយប្រហារពីប្រទេស
កូរ៉េខាងជើងដែលបានបាញ់គ្រាប់កាំភ្លើងធំទៅលើកោះ Yeonpyeong បណ្ដាលឱ្យ
ទាហានកូរ៉េខាងត្បូងចំនួន៤នាក់ស្លាប់កាលពីខែវិច្ឆិកាឆ្នាំទៅ។
ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះ កូរ៉េខាងត្បូងក៏បានបង្ហាញពីបំណងក្នុងការបន្ដការចចរ
ជាមួយ កូរ៉េខាងជើងឡើងវិញ។គួររំលិកថា តាំងពីខែកក្កដា ក្រុមអ្នកការទូតនៃប្រទេសកូរ៉េ
ទាំងពីររួមនឹងអាមេរិកបានជួបគ្នាដើម្បីរកដំណោះស្រាយសម្រាប់ធ្វើការចចារ៦ភាគីស្ដីអំពី
បញ្ហា នុយគ្លីអែរ ឡើងវិញ ប៉ុន្ដែរហូតមកទល់ពេលនេះ នៅតែមិនទាន់ទទួលបាន
លទ្ធផលណាមួយឡើយ៕
ដោយៈសូរីយ៉ា