ប្រទេសថៃ៖ បុរសជនជាតិអ៊ីរ៉ង់ម្នាក់ ដែលបានធ្វើដំណើរកំសាន្ត លើទឹកដីខេត្ដប៉ាតាយ៉ា ជាមួយមិត្តភក្តិជាលើកដំបូង ត្រូវបានក្រុមជនអន្ធពាលវាយធ្វើបាប និងរងរបួស មុនពេលថ្ងៃរះ នៅទីក្រុងឆ្នេរសមុទ្រ កាលពីថ្ងៃអង្គារ។

លោក Ali Khadem អាយុ ២៩ ឆ្នាំ ដែលជាម្ចាស់ហាងលក់ទឹកអប់មួយកន្លែង នៅប្រទេសអ៊ីរ៉ង់ បានបែកក្បាលហូរឈាម នៅពេលគាត់បានរត់ទៅកាន់អង្គភាពនគរបាលចល័ត ដែលទទួលបន្ទុកគាំពារដល់ភ្ញៀវទេសចរ នៅច្រកចូលទីលាន Pattaya Soi 13 នៅសង្កាត់ Bang Lamung វេលាម៉ោង ៥ ព្រឹកថ្ងៃអង្គារ។ ជនរងគ្រោះរូបនេះ ក៏អមដំណើរដោយមិត្តភក្តិរបស់គាត់ជនជាតិអ៊ីរ៉ង់ចំនួន ៤ នាក់ទៀតផងដែរ។ បុរសរូបនេះ បានប្រាប់ប៉ូលិសតាមរយៈអ្នកបកប្រែម្នាក់ថា ក្មេងស្ទាវជនជាតិថៃចំនួន ៤-៥ នាក់ ដែលប្រដាប់ដោយដបកែវ បានវាយមកលើរូបគាត់។ គាត់ និងមិត្តភក្ដិរបស់គាត់ បានរត់គេចខ្លួនភ្លាមៗដើម្បីសុំឱ្យនគរបាលជួយអន្ដរាគមន៍ ។ ក្រុមអ្នកស្ម័គ្រចិត្តជួយសង្គ្រោះ បានផ្តល់ជំនួយសង្គ្រោះ មុនពេលបញ្ជូនគាត់ទៅព្យាបាលនៅមន្ទីរពេទ្យអនុស្សាវរីយ៍ប៉ាតាយ៉ា។ មេបញ្ជាការនគរបាល លោក Thongongsak Inpadung អនុប្រធានស៊ើបអង្កេត បានទៅសាកសួរលោក Khadem កាលពីព្រឹកថ្ងៃអង្គារកន្លងទៅនេះ។ ព័ត៌មានលម្អិតនៃការវាយប្រហារនេះ មិនទាន់ដឹងច្បាស់នៅឡើយទេ។ នគរបាល កំពុងធ្វើការស៊ើបអង្កេត លើបញ្ហានេះ។

/ ភ្ញៀវទេសចរ ដែលរងរបួស និងមិត្តភក្តិរបស់គាត់ ត្រូវបានគេរាយការណ៍ថា បានមកទេសចរកម្សាន្ដ នៅក្រុងប៉ាតាយ៉ា ជាលើកដំបូង។ អ្នកខ្លះបានចាកចេញទៅភូកេត។ នគរបាល បានរាយការណ៍ថា ខ្លួនបានឃាត់ខ្លួនបុរសពីរនាក់ ប៉ុន្តែពួកគេ បានបដិសេធថា ពុំបានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនេះទេ។ រូបភាពពីកាមេរ៉ាបង្កប់ នៅតំបន់នោះ កំពុងត្រូវបានត្រួតពិនិត្យ ដោយមន្រ្ដីនគរបាល ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Bangkokpost