កំពង់ធំៈ កម្លាំងអាវុធហត្ថ B 06 ប្រចាំនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សហការជាមួយ នគរបាលឆ្នុកទ្រូ ឃុំ ឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី ១ ខែមេសា ឆ្នាំ ២០១៣ បានឃាត់ ខ្លួនជនសង្ស័យម្នាក់ ជាមេខ្លោង រំដោះជនល្មើស ២ នាក់ ប្តី-ប្រពន្ធ ដែលសមត្ថកិច្ចឃាត់ខ្លួន ពេលចូលទៅការនេសាទ ក្នុងតំបន់អភិរក្ស ឡូត៍លេខ២ស្ទួន កាល ពីចុងខែកុម្ភៈ ឆ្នាំ ២០១៣ ។
លោកវរៈសេនីយ៍ត្រី ប៊ុន ឃី អនុប្រធានមន្ទីរស្រាវជ្រាវ និងយុត្តិធម៌ អាវុធហត្ថខេត្ត បានឲ្យដឹងថា ជនសង្ស័យ ជាមេខ្លោង រំដោះជនល្មើស នេសាទនោះ មានឈ្មោះ ង្វៀង យ៉ាំងសន ភេទប្រុស អាយុ ៤៤ ឆ្នាំ រស់នៅភូមិ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្ត កំពង់ឆ្នាំង ត្រូវបានឃាត់ខ្លួន តាមដីកាលេខ ៤៧/២០១៣ របស់ចៅក្រមសាលាដំបូង ខេត្តកំពង់ធំ ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០១៣ មានអ្នកនេសាទ ជនជាតិវៀតណាម ប្រហែល ៥០ ទូក ចំនួនជាង ១០០ នាក់ រស់នៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង បាននាំគ្នា ចូលទៅនេសាទត្រី នៅក្នុងតំបន់ហាមឃាត់ តំបន់អភិរក្សឡូលេខ ២ ស្ទួន ឃុំ ផាត់សណ្តាយ ស្រុកកំពង់ស្វាយ ហើយត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ជនសង្ស័យ ២ នាក់ ប្តី-ប្រពន្ធ ប៉ុន្តែ ថ្ងៃដដែលនោះ ត្រូវក្រុមអ្នកនេសាទ ជនជាតិវៀតណាម នាំគ្នារំដោះជនល្មើសពីរនាក់ ប្តី-ប្រពន្ធ ចេញពីស្នាក់ការ អធិការរដ្ឋបាលជលផល ខាងជើងបឹងទន្លេសាប ។ ហេតុនេះហើយ ទើបសមត្ថកិច្ចស្រាវជ្រាវ ជាបន្តបន្ទាប់ ឈានដល់ឃាត់ខ្លួន ជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងសន បញ្ជូនទៅសាលាដំបូង នៅព្រឹកថ្ងៃទី0២ ខែមេសា ឆ្នាំ២០១៣ ។ លោកវរៈសេនីយ៍ ប៊ុន ឃី បាននិយាយថា ថ្មីៗនេះ កម្លាំងកងរាជអាវុធហត្ថខេត្ត បានទទួលអនុសាសន៍ ពីលោក ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរ ដោះស្រាយវិវាទ ដីធ្លី បានជំរុញឲ្យកម្លាំងសមត្ថកិច្ចអាវុធហត្ថ បន្តខិតខំបង្រ្កាបបទល្មើសនេសាទ នៅបឹងទន្លេសាប ឲ្យបានខ្លាំងក្លាថែមទៀត ៕



![src=http://111.92.240.170:81/dap-news/dap-images/2013/April/id-015/T-0009.jpg Photo]()
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល