ក្រុមហ៊ុនអវកាសអាមេរិកមួយ គ្រោងនឹងនាំមនុស្សទៅទេសចរណ៍នៅឋានព្រះចន្ទ ក្នុងអំឡុង ១០ឆ្នាំខាងមុខ ជាមួយនឹងតម្លៃ ១០.០០០ដុល្លារអាមេរិក ដោយមានការបម្លាស់ទីប្រហែល ៤ម៉ោង។

/

Naveen Jain ស្ថាបនិកនៃក្រុមហ៊ុនអវកាស Moon Express ទើបតែបានឱ្យដឹងនៅលើទូរទស្សន៍ CNBC កាលពីថ្ងៃទី ១ធ្នូ អំពីគម្រោងនាំមនុស្សទៅទេសចរណ៍នៅឋានព្រះចន្ទ។

Naveen Jain និយាយថា “ក្នុងរយៈពេល ១០ឆ្នាំទៀត ប្រាក់ចំណាយក្នុងការឡើងទៅឋានព្រះចន្ទនឹងនៅត្រឹមប្រហែល ១០.០០០ដុល្លារ ហើយយើងអាចទៅកាន់ឋានព្រះចន្ទ ដោយធ្វើដំណើរក្នុងរយៈពេល ៤ម៉ោង គឺលឿនជាងការធ្វើដំណើរពីក្រុង New York ទៅកាន់ London។ ខ្ញុំជឿថា នៅពេលនោះ បុរសនានាអាចសុំរៀបការជាមួយនារីម្នាក់ ដោយការអញ្ជើញនាងទៅក្រេបទឹកឃ្មុំនៅលើឋានព្រះចន្ទ”។

Moon Express គឺជាក្រុមហ៊ុនឯកជនដំបូងដែលត្រូវបានរដ្ឋាភិបាលអាមេរិកអនុញ្ញាតឱ្យឡើងទៅកាន់ឋានព្រះចន្ទដើម្បីស្វែងរករ៉ែ។ នៅលើឋានព្រះចន្ទ មានរ៉ែដែលមានតម្លៃជាច្រើន ដូចជា រ៉ែដែក លោហធាតុកម្រ ក៏ដូចជា កាបូន អ៊ីដ្រូសែន និងអេលីយ៉ូម-3 ។

/

Moon Express គ្រោងនឹងបញ្ជូនយានឡើងទៅឋានព្រះចន្ទនៅឆ្នាំ ២០១៧។ គោលដៅចុងក្រោយរបស់ Moon Express គឺធ្វើឱ្យទេសចរណ៍ទៅកាន់ឋានព្រះចន្ទ មានតម្លៃទាប និងលឿន៕

ប្រែសម្រួល ៖ តារាប្រភព ៖ telegraph