នគរបាលបារាំង បានចាប់ឃាត់ខ្លួនមនុស្ស ៤០នាក់ ដោយសារតែការប្រើអំពើហឹង្សា បន្ទាប់ពីក្រុមបាល់ទាត់ប្រទេសនេះ បានចាញ់ព័រទុយហ្គាល់ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ យូរ៉ូ នៅក្រុងប៉ារីស។

AFP ដកស្រង់សំដីរបស់នគបាលក្រុងប៉ារីសម្នាក់ ឱ្យដឹងថា នគរបាលបានបាញ់គ្រាប់បែកផ្សែងបង្ហូរទឹកភ្នែក ខណៈដែលក្រុមអ្នកគាំទ្រកំពុងគប់ដបទឹក នៅត្រង់ខាងក្រោមនៃតួ Eiffel ។ ក្រុមនេះគឺជាអ្នកដែលមិនត្រូវបានគេអនុញ្ញាតឱ្យចូលខាងក្នុងនៃតំបន់ fanzone ព្រោះតែអ្នកទស្សនាបានឡើងដល់ ៩ម៉ឺននាក់។
ក្រៅពីករណីចាប់ឃាត់ខ្លួននៅឯតំបន់ខាងក្រោមតួ Eiffel ក៏មានករណីផ្សេងៗទៀត ដែលបានកើតឡើងនៅខាងក្រៅទីលានបាល់ទាត់ Stade de France ជាកន្លែងដែលក្រុមជម្រើសជាតិបារាំង ប្រកួតជាមួយក្រុមព័រទុយហ្គាល់។ មនុស្សជាច្រើន ត្រូវបានចាប់ខ្លួន ដោយសារតែបង្កភាពច្របូកច្របល់នៅទីសាធារណៈ។

នៅក្រោមតួ Eiffel កាលពីម្សិលមិញ មានភាពច្របូកច្របល់ខ្លាំង ព្រមទាំងមានផ្សែងបង្ហូរទឹកភ្នែកផងដែរ នៅពេលនគរបាលកំពុងបង្រាបក្រុមយុវជនទំនើង។ ក្រុមយុវជនទំនើងនេះ បានដុតភ្លើងនៅតាមដងផ្លូវ និងគប់ដបទឹក ជាដើម តម្រង់ទៅកាន់ក្រុមនគរបាល។
សូមរំលឹកថា កាលពីម្សិលមិញ ក្រុមព័រទុយហ្គាល់ បានក្លាយជាជើងឯកជាលើកដំបូង ក្នុងការប្រកួតដណ្ដើមពានរង្វាន់យូរ៉ូ ឆ្នាំ ២០១៦ បន្ទាប់ពីបានយកឈ្នះក្រុមជម្រើសជាតិបារាំង នៅក្នុងតង់ទីពីរ ដោយលទ្ធផល ១-០។

ដោយឡែក ការប៉ះទង្គិចគ្នាមួយរវាងអ្នកគាំទ្រក្នុងការប្រកួតបាល់ទាត់រវាង អង់គ្លេស និងរុស្ស៊ី កាលពីថ្ងៃទី ១១ នេះ នៅក្រុង Marseille ក៏បានបណ្ដាលឱ្យមនុស្ស ៣៥នាក់ រងរបួស។ ក្រុមអ្នកច្បាប់បារាំងយល់ថា អ្នកគាំទ្រក្រុមជម្រើសជាតិរុស្ស៊ី ប្រមាណជា ១៥០នាក់ “បានត្រៀមខ្លួនជាស្រេច” ដើម្បីវាយទៅលើក្រុមអ្នកគាំទ្ររបស់អង់គ្លេស។
ប្រែសម្រួល ៖ បុត្រា