ស្នូរផ្ទុះជាច្រើនបានលាន់កងរំពងពេញផ្ទៃមេឃ បណ្ដាលឱ្យមានការភ័យខ្លាចជាខ្លាំង សម្រាប់ប្រជាជននៅភាគខាងត្បូងប្រទេសអាហ្សង់ទីន ពិសេសគឺតំបន់ General Roca ។ ប៉ុន្តែ សំណាងល្អណាស់ អាចម៍ផ្កាយដែលធ្លាក់មកលើផែនដី ពុំមានបង្កគ្រោះថ្នាក់ណាមួយ។

បន្ទាបពីការផ្ទុះ គេឃើញមានក្រុមបុគ្គលិកពន្លត់អាគ្គីភ័យ និងសង្គ្រោះបន្ទាន់ បានទៅដល់កន្លែងកើតហេតុ ប៉ុន្តែ ពួកគេមិនបានរកឃើញភ័ស្ដុតាងណាមួយទាក់ទឹននឹងការបំផ្ទុះគ្រាប់បែក លទ្ធផលនៃការរញ្ជួយដី ឬគ្រោះថ្នាក់ធម្មជាតិណាមួយនោះទេ។
ចុងក្រោយ អ្នកវិទ្យាសាស្ដ្រក៏បានរកឃើញមូលហេតុដែលនាំឱ្យមានសម្លេងផ្ទុះ កាលពីថ្ងៃពុធសប្ដាហ៍មុន ៖ អាចម៍ផ្កាយមួយបានធ្លាក់ចុះមកបរិយាកាសផែនដី ក្នុងកំពស់ ១០.០០០ម៉ែត្រ និងមានល្បៀន ២៤០០គីឡូម៉ែត្រ/ម៉ោង។
តារាវិទូ Roberto Figueroa អ្នកគ្រប់គ្រងស្ថានិយតារាសាស្ដ្រ Neuquen ក្បែរកន្លែងកើតហេតុ ប្រាប់ថា “អាចម៍ផ្កាយនេះ បានធ្លាក់មកលើផែនដី ចំកន្លែងដែលមានមនុស្សរស់នៅ ដូច្នេះ បានធ្វើឱ្យមានការភ័យខ្លាច។ បើសិនវាធ្លាក់លើសមុទ្រខ្សាច់ ឬលើសមុទ្រ យើងនឹងមិនអាចដឹងបាន”។
អ្នកវិទ្យាសាស្ដ្រខាងលើបានគន់គូរឃើញថា អាចម៍ផ្កាយនេះ មានទទឹងប្រហែល ១២ម៉ែត្រ ហើយបន្ទាប់មក វាបានបែកជាបីបំណែក ពេលហោះចូលបរិយាកាសផែនដី។
ដោយសារតែអាចម៍ផ្កាយនេះ បានធ្លាក់មកក្នុងល្បឿនយ៉ាងលឿន ហើយបង្កើតបានជារលកនៃការប៉ះទង្គិចជាមួយបរិយាកាសផែនដី ដូច្នេះ វាបង្កើតបានជាសម្លេងផ្ទុះ ដែលអ្នកនៅក្បែរនោះ អាចស្ដាប់ឮ។
ប្រែសម្រួល ៖ បុត្រា