ជាងមួយសប្ដាហ៍បន្ទាប់ពីបានហោះនៅលើគន្លងគោចររបស់ភពព្រហស្បតិ៍ (Jupiter) យានអវកាស Juno របស់ NASA ក៏បានផ្ញើរូបភាពដំបូងមកកាន់ផែនដី។

ក្នុងរយៈចម្ងាយជាង ៤,៤លានគីឡូម៉ែត្រ ម៉ាស៊ីនថត JunoCam ដែលបានបំពាក់នៅលើយានអវកាស ថតបានរូបភាពមួយបង្ហាញអំពីស្នាមក្រហមយក្ស  Great Red Spot ក៏ដូចជាព្រះចន្ទធំជាងគេ ៣ ក្នុងចំណោម ៤ រួមមាន Io , Europa និង Ganymede។ ព្រះចន្ទដែលធំជាងគេទីពីរ របស់ភពព្រហស្បតិ៍ គឺ Callisto មិនស្ថិតក្នុងឡែនរបស់កាមេរ៉ានៅទេ។

/

ក្រុមអ្នកវិទ្យាសាស្ដ្រមានការពេញចិត្តនឹងរូបភាពដំបូងដែល អវកាស Juno ថតបាន។ Scott Bolton ប្រធានក្រុមអ្នកសិក្សាស្រាវជ្រាវនៅមន្ទីរស្រាវជ្រាវភាគនិរតី នៅ San Antonio អេមេរិក ឱ្យដឹងថា “រូបភាពដែលថតបានពីកាមេរ៉ា JunoCam បង្ហាញថា ឧបករណ៍នេះនៅតែមានស្ថានភាពល្អ ក្នុងបរិស្ថានវិទ្យុសកម្មខ្លាំងរបស់ភាពព្រហស្បតិ៍។ វាមិនបានខូចខាត តែថែមទាំង​បាន​ត្រៀមខ្លួនជាស្រេចដើម្បីថតរូបក្នុងរយៈចម្ងាយជិត”។

យានអវកាស Juno បច្ចុប្បន្ន កំពុងវិលជុំវិញភពព្រហស្បតិ៍ នៅលើគន្លងគោចរមួយមានរាងដូចដងធ្នូដ៏ធំមួយ ប៉ុន្តែ វានឹងហោះទៅជិតភពនេះម្ដងទៀតនៅក្នុងខែសីហា ដែលនេះនឹងអនុញ្ញាតឱ្យវាថតរូបច្បាស់ជាងនេះ។

សូមរំលឹកថា យានអវកាស Juno ត្រូវបានបាញ់បង្ហោះកាលពីឆ្នាំ ២០១១។ វាគឺជាយានអវកាស​ទីពីរដែលហោះហើរជុំវិញគន្លងគោចររបស់ភពព្រហស្បតិ៍ បន្ទាប់ពីយាន Galileo (Galileo គឺជាយាន​អវកាសគ្មានមនុស្សបើកដែលហោះហើរជុំវិញភពព្រហស្បតិ៍ចន្លោះពីឆ្នាំ ១៩៩៥ ដល់ឆ្នាំ ២០០៣)។ ក្រោយរយៈពេល ៥ឆ្នាំនៃការហោះហើរ ដែលមានរយៈចម្ងាយ ២,៨ពាន់លានគីឡូម៉ែត្រ ចុងក្រោយ យានអវកាស Juno ក៏បានទៅដល់ និងហោះហើរលើគន្លងគោចររបស់ភពព្រហស្បតិ៍ កាលពីថ្ងៃទី ៥កក្កដាកន្លងទៅ។

គោលបំណងរបស់ យានអវកាស Juno គឺជួយឱ្យអ្នកវិទ្យាសាស្ដ្រយល់កាន់តែច្បាស់អំពីភពព្រហស្បតិ៍ ដែលធំជាងគេក្នុងប្រព័ន្ធព្រះអាទិត្យ និងជាភពទី ៥ រាប់ពីព្រះអាទិត្យ។ បេសកកម្មរបស់ Juno នឹងបញ្ចប់នៅឆ្នាំ ២០១៨ នៅពេលដែលយាននេះ ធ្លាក់ទៅលើដីរបស់ភពព្រហស្បតិ៍។

ប្រែសម្រួល ៖ បុត្រា