ហុងកុង ៖ បើយោងទៅតាមប្រភពព័ត៌មានពីគេហទំព័រកំសាន្ត chinesestar.com ចេញផ្សាយកាលពីថ្ងៃចន្ទទី ២៧ សីហា ឆ្នាំ ២០១២ បានឱ្យដឹងថានាងការ៉ាត់ ឆឹង បានគ្រងមកុដបវរកញ្ញាឯកហុងកុងកាលពីរាត្រីថ្ងៃអាទិត្យ ទី២៦ សីហា ឆ្នាំ២០១២ កន្លងទៅនេះ។ ការប្រឡងបវរក្រុងហុងកុង ឆ្នាំនេះត្រូវបានរៀបចំធ្វើឡើងដោយទូរទស្សន៍ TVB City នៅតំបន់មាត់សមុទ្រ Tseng Kwan O ។

ក្រៅពីទទួលបានមកុដបវរកញ្ញាឯក រាជនីសម្រស់ក្រុងហុងកុងវ័យ ២៤ ឆ្នាំរូបនេះ ទទួលបានពានរង្វាន់ ២ ផ្សេងទៀត គឺពានរង្វាន់បវរកញ្ញា ឯកអគ្គរដ្ឋទូតសុឆន្ទៈអន្តរជាតិ និង ពានរង្វាន់បវរកញ្ញាឯកអគ្គរដ្ឋទូតអាកាសចរណ៍ផងដែរ។ ចំណែកឯចំណាត់ថ្នាក់លេខ២ បានទៅលើនាង Jacqudine Wong ជានិស្សិតអនុបណ្ឌិត និង ចំណាត់ថ្នាក់លេខ ៣ បានទៅលើនាង Tracy Chung វ័យ ២៤ ឆ្នាំជានិស្សិតថ្នាក់អនុបណ្ឌិតរដ្ឋបាល ។

បន្ទាប់ពីគណៈវិនិច្ឆ័យ ប្រកាសឈ្មោះជ័យលាភី តំណែងបវរកញ្ញាឯកហុងកុងឆ្នាំ ២០១២ នាង ការ៉ាត់ ឆឹង និស្សិតថ្នាក់អនុបណ្ឌិតរូបនេះបាននិយាយថា «ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ខ្ញុំមិនដែលគិតថា ខ្ញុំអាចឈ្នះការប្រកួតនេះម្តងណាទេ» ។ កិច្ចការចម្បងរបស់នាងការ៉ាត់ ឆឹង នឹង ត្រូវទៅចូលរួមប្រកួតបវរកញ្ញាពិភពលោកឆ្នាំ ២០១៣ ដែលនឹងប្រារព្ធធ្វើឡើង នៅថ្ងៃទី ១៤ កញ្ញា ឆ្នាំ២០១៣ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ៕
ដោយ ៖ ពិសីប្រភព ៖ chinesestar