ឧបករណ៍ផ្ទុះមួយត្រូវបានបំផ្ទុះកាលពីយប់ថ្ងៃទី ២៤កក្កដា (ម៉ោងក្នុងស្រុក) នៅឯហាងបារមួយកន្លែងក្នុងក្រុង Ansbach ប្រទេសអាល្លឺម៉ង់ បណ្ដាលឱ្យមានមនុស្សស្លាប់យ៉ាងតិចម្នាក់ និង រងរបួស ១២នាក់។

/

ប្រភពព័ត៌មានឱ្យដឹងថា មុននេះ បុរសម្នាក់ដែលមានស្ពាយកាបូប ត្រូវបានគេហាមមិនឱ្យចូលទៅ​ក្នុងហ្វូងមនុស្ស នៅកន្លែងធ្វើពិធីជប់លៀងតន្ត្រីនៅក្បែរបារមួយកន្លែង ដែលមានមនុស្សចូលរួមប្រមាណជា ២៥០០នាក់។

នគរបាលឱ្យដឹងថា អ្នកដែលបានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនេះ គឺជាជនសង្ស័យ។ ការផ្ទុះខាងលើបានកើត​ឡើងនៅវេលាម៉ោងប្រហែល ២២ និង ១២នាទី (ម៉ោងក្នុងស្រុក)។ បច្ចុប្បន្ន នៅតែមានព័ត៌មានផ្ទុយគ្នា ត្រូវបានគេរាយការណ៍ក្នុងហេតុការណ៍នេះ ខណៈចៅហ្វាយក្រុង Ansbach ថ្លែងថា មូលហេតុគឺដោយសារ “ឧបករណ៍ផ្ទុះ”។

/

នគរបាល បានឡោមព័ន្ធតំបន់ជុំវិញហាងបារ Eugene's Wine ជាកន្លែងដែលមានហេតុការណ៍ផ្ទុះកើតឡើង។

អ្នកនាំពាក្យនគរបាលអាល្លឺម៉ង់ថ្លែងថា ក្នុងហេតុការណ៍ខាងលើ មានមនុស្សស្លាប់យ៉ាងហោចម្នាក់ និងអ្នករងរបួសយ៉ាងតិច ១២នាក់ ក្នុងនោះ មាន៣នាក់ រងរបួសធ្ងន់។

បុគ្គលិកពន្លត់អាគ្គីភ័យ និងសង្គ្រោះបន្ទាន់ប្រមាណជា ៣៥០នាក់ កំពុងមានវត្តមាននៅក្នុងកន្លែងកើតហេតុ។

/

ទំព័រ Guardian ដកស្រង់សំដីរបស់មេបញ្ជាការកងសន្តិសុខ Bavaria ឱ្យដឹងថា ជនសង្ស័យគឺជាជនភៀសខ្លួនមកពីប្រទេសស៊ីរី អាយុ ២៧ឆ្នាំ បានមករស់នៅក្នុងប្រទេសអាល្លឺម៉ង់ពីរឆ្នាំ ប៉ុន្តែ ត្រូវបានបដិសេធមិនឱ្យជ្រោកកោនក្នុងប្រទេសនេះដោយស្របច្បាប់ ប៉ុន្តែអនុញ្ញាតឱ្យរស់នៅបណ្ដោះអាសន្ន ព្រោះប្រទេសស៊ីរី កំពុងមានសង្គ្រាម។

ទំព័រ AP ចេញផ្សាយថា ជនសង្ស័យបានបំផ្ទុះគ្រាប់ផ្ទុះ បន្ទាប់ពីត្រូវគេដេញចេញពីពិធីជប់លៀងតន្ដ្រី។

Reuters បានចុះផ្សាយដែរថា ជនសង្ស័យជាជនជាតិរីស៊ីនេះ ធ្លាប់ស្វែងរកវិធីសម្លាប់ខ្លួនចំនួនពីរលើកមកហើយ។ បច្ចុប្បន្ន គេមិនទាន់ដឹងថា ជននេះ មានបំណងធ្វើអត្តឃាត ឬមួយចង់សម្លាប់មនុស្ស។

នគរបាលឱ្យដឹងថា ពួកគេក៏មិនទាន់ដឹងថា ជននេះមានទំនាក់ទំនងជាមួយអង្គការរដ្ឋអ៊ីស្លាម ឬយ៉ាងណានៅឡើយ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវលើជនសង្ស័យនេះ។

ប្រែសម្រួល ៖ បុត្រា