ក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយថា នៅថ្ងៃសុក្រម្សិលម៉ិញនេះ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មទៅលើមេបញ្ជាការយោធា និងនគរបាលចំនួន ៤ រូប និងអង្គភាពកងទ័ពចំនួនពីរ ពីបទពាក់ព័ន្ធនឹងអ្វី ដែលត្រូវបានគេហៅថា”ការបោសសម្អាតជាតិពន្ធុ” និងការរំលោភសិទ្ធិមនុស្សដទៃទៀតប្រឆាំងនឹងពួកមូស្លីមរ៉ូហ៊ីងយ៉ារបស់ប្រទេសនេះ។

ការដាក់ទណ្ឌកម្មនេះ បានបង្ហាញពីវិធានការដ៏ស្វិតស្វាញបំផុត ដើម្បីជាការវាយបកទៅនឹងការបង្រ្កាបរបស់យោធាមីយ៉ាន់ម៉ា ទៅលើជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា ដែលបានផ្ដើមកើតឡើងកាលពីឆ្នាំមុន និងបានបង្ខំឱ្យប្រជាជនប្រមាណ ៧០០០,០០០ នាក់ត្រូវភៀសខ្លួនទៅកាន់ប្រទេសជិតខាងបង់ក្លាដេស និងបណ្ដាលឱ្យមនុស្សរាប់ពាន់នាក់ស្លាប់បាត់បង់ជីវិត។

/

ប៉ុន្ដែរដ្ឋការរបស់លោកត្រាំ ពុំបានផ្តោតគោលដៅដាក់ទណ្ឌកម្មលើមេដឹកនាំយោធាកំពូលរបស់មីយ៉ាន់យ៉ាទេ ហើយថែមទាំងឈប់រំលឹកពីយុទ្ធនាការនៃការប្រព្រឹត្ដឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឬឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ លើពួករ៉ូហ៊ីងយ៉ា ដែលបានក្លាយប្រធានបទនៃការពិភាក្សាវែកញែក នៅក្នុងរដ្ឋាភិបាលអាមេរិក។ 

អនុរដ្ឋលេខាធិការក្រសួងរតនាគារទទួលបន្ទុកផ្នែកស៊ើបអង្កេតរឿងភេរវកម្ម និងហិរញ្ញវត្ថុអ្នកស្រី Sigal Mandelker បាននិយាយថា កងកម្លាំងសន្ដិសុខភូមា បានជាប់ពាក់ព័ន្ធនឹងយុទ្ធនាការហិង្សាប្រឆាំងនឹងសហគមន៍ជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ាទូទាំងប្រទេសភូមា ដែលមានទង្វើដ៏ព្រៃផ្សៃជាច្រើនដូចជា ការបោសសម្អាតជាតិពន្ធុ ការសម្លាប់រង្គាល ការរំលោភផ្លូវភេទ ការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដទៃទៀត។

អ្នកស្រី Mandelker បានបន្ថែមថា៖” ក្រសួងរតនាគារ កំពុងដាក់ទណ្ឌកម្ម ទៅលើអង្គភាពកងទ័ព និងមេដឹកនាំយោធា ដែលបញ្ជាពីក្រោយអំពើ និងអាកប្បកិរិយាដ៏គួរឱ្យភ័យខ្លាចនេះ ខណៈការដាក់ទណ្ឌកម្មនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្ដរបស់រដ្ឋាភិបាលអាមេរិកដ៏ទូលំទូលាយ ក្នុងការដាក់គំនាបឱ្យបុគ្គលទាំងនោះឆ្លើយថាតើ ហេតុអ្វីបានជាពួកគេ ប្រព្រឹត្ដអំពើបង្កទុក្ខសោកដល់មនុស្សជាតិទ្រង់ទ្រាយធំបែបនេះ”។

ក្រសួងរតនាគារ បាននិយាយថា ការដាក់ទណ្ឌកម្មនេះ បានផ្ដោតគោលដៅទៅលើមេបញ្ជាការយោធាលោក Aung Kyaw Zaw លោក Khin Maung Soe  លោក Khin Hlaing និងអគ្គស្នងការនគរបាលព្រំដែនលោក Thura San Lwin រួមទាំងអង្គភាពទាហានថ្មើរជើងទី ៣៣ និងទី ៩៩(Light Infantry Divisions)។

របាយការណ៍ពិសេសរបស់រ៉យទ័រសម្រាប់ខែមិថុនា បានផ្ដល់សេចក្ដីលម្អិតទាំងស្រង់នៃតួនាទី ដែលបានប្រតិបត្ដិដោយអង្គភាពទាហានថ្មើរជើងទាំងពីរ នៅក្នុងអំពើវាយប្រហារប្រឆាំងនឹងពួករ៉ូហ៊ីងយ៉ា។

យោធាមីយ៉ាន់ម៉ា បានច្រានចោលការចោទប្រកាន់ពីបទបោសសម្អាតជាតិពន្ធុ និងបាននិយាយថា ទង្វើទាំងឡាយរបស់ខ្លួន គឺជាផ្នែកនៃការវាយប្រហារប្រឆាំងនឹងអំពើភេរវកម្ម ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ ស៊ីអិនប៊ីស៊ី