កិច្ចប្រជុំកំពូលនៃបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន និងទើបលេចធ្លោ (G20) ត្រូវបានរៀបចំធ្វើឡើងកាលពីម្សិលមិញ នៅឯតំបន់ Los Cabos របស់ Mexico ជាមួយនឹងរបៀបវារៈចម្បងគឺវិបត្តិបំណុលនៅអ៊ឺរ៉ុប និងដំណោះស្រាយដើម្បីជម្រុញការរីកចម្រើនសេដ្ឋកិច្ចនៅទូទាំងពិភពលោក។

/

នៅក្នុងថ្ងៃដំបូងនៃកិច្ចប្រជុំ ក្រុមមេដឹកនាំពិពលោកបានជម្រុញអោយអ៊ឺរ៉ុបអនុវត្តរាល់មធ្យោបាយចាំបាច់ដើម្បីឆ្លងកាត់វបត្ដិបំណុលក្នុងតំបន់ប្រើប្រាស់ប្រាក់រួមអ៊ឺរ៉ុប (eurozone)។

អគ្គនាយកធនាគារពិភពលោក (WB) លោក Robert Zoellick ថ្លែងថា ៖ យើងកំពុងរង់ចាំអ៊ឺរ៉ុប ដែលនិយាយថានឹងពិនិត្យមើល តើពួកគេនឹងមើលអ្វី?។

ខណៈនោះដែរ លោក Jose Angel Gurria អគ្គលេខារបស់អង្គការសហការណ៍ និងអាភិវឌ្ឍសេដ្ឋកិច្ច (OECD) យល់ឃើញថា វិបត្តិបំណុលគឺជា ហនិភ័យយ៉ាងធំសម្រាប់សេដ្ឋកិច្ចរបស់ពិភលោក។

ចំណែកអ្នកដឹកនាំអង្គការពាណិជ្ជកម្មពិភពលោក (WTO) Pascal Lamy បានព្រមានអំពីការគម្រាមជាប្រព័ន្ធដែលកើតឡើងដោយសារវិបត្តិ eurozone។

នាយករដ្ឋមន្ដ្រីកាណាដា Stephen Harper បានអំពាវនាវក្រុមមេដឹកនាំ eurozone​ អោយអនុវត្តរាល់ការកែលំអដែលមានលក្ខណៈជាប្រព័ន្ធដើម្បីដោះស្រាយវិបត្តិបំណុលនេះ។

ប៉ុន្ដែ ប្រធានគណកម្មការអ៊ឺរ៉ុប Jose Manuel Barroso បានបង្ហាញការការពារយ៉ាងខ្លាំងក្លាយចំពោះវិធិសាស្ដ្រដែល EU​ បាន និងកំពុងប្រើប្រាស់ដើម្បីដោះស្រាយវិបត្តិនេះ។ លោក Jose Manuel Barroso ថ្លែងថា ៖ មិនមែនមានតែអ៊ឺរ៉ុបនោះទេ ដែលប្រឈមនឹងវិបត្តិនេះ ប៉ុន្ដែវាជាបញ្ហារួមរបស់ពិភពលោក។

ក្រុមអ្នកជំនាញការបានអោយដឹងថា ខណៈដែលអ៊ឺរ៉ុបជាប្រភពគម្រាមដ៏ជាក់ស្ដែងមួយ បណ្ដាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន និងកំពុងរីកចម្រើនក៏មានបញ្ហា ក្នុងនោះមានអាមេរិក និងចិនផងដែរ។ រីឯសេដ្ឋកិច្ចរបស់ឥណ្ឌាកំពុងធ្លាក់ចុះនោះគក៏ជាបញ្ហាដែល G20 កំពុងព្រួយបារម្ភ។

កិច្ចប្រជុំ G20 លើកទី ៧ ដែលបានចាប់ផ្ដើមពីថ្ងៃទី ១៨ ដល់ ១៩មិថុនា ឆ្នាំ ២០១២ បានអំពានាវអោយមានគម្រោងសហការណ៍ទូទាំងពិភពលោក ដើម្បីជម្រុញអោយសេដ្ឋកិច្ចបានរីកចម្រើននិងបង្កើតការងារអោយបានច្រើនជាងមុន៕

ដោយ ៖ សូរីយ៉ាប្រភព ៖ AFP, BBC