ក្រុមអ្នកវិទ្យាសាស្ដ្រជប៉ុន ទើបតែបង្កើតជណ្ដើរយោងឡើងទៅកាន់លំហអាកាសដំបូងគេលើពិភពលោក ហើយត្រៀមខ្លួននឹងដំណើរការសាកល្បង។
តាមទ្រឹស្ដី ភ្ញៀវដែលប្រើប្រាស់ជណ្ដើរយោងនេះនឹងត្រូវធ្វើដំណើរនៅលើប្រអប់ដែលតភ្ជាប់ដោយខ្សែកាបដែលភ្ជាប់ពីផែនដី ទៅកាន់ទីតាំងនៅក្នុងលំហអាកាសដែលមិនមានទំនាញផែនដី។ ជណ្ដើរយោងនេះ មិនប្រើប្រាស់កាំជ្រួចនោះទេ ដូច្នេះ វានឹងមិនស៊ីប្រេងច្រើននោះដែរ។

ក្រុមអ្នកវិទ្យាសាស្ដ្រគ្រោងនឹងធ្វើការសាកល្បងជណ្ដើរយោងអវកាស នៅលើស្ថានិយអវកាសអន្តរជាតិ
ទំព័រ Tech Insider បានឱ្យដឹងថា អ្នកវិទ្យាសាស្ដ្រជប៉ុនមួយក្រុម នៅសកលវិទ្យាល័យ Shizuoka បានបង្កើតជណ្ដើរយោងអវកាសដែលមានឈ្មោះថា STAR-C ។ STAR-C ត្រូវបានគេបង្កើតឡើងទៅតាមបែបបទនៃផ្កាយរណប មានខ្សែកាបតភ្ជាប់ពីផែនដី ទៅកាន់ស្ថានិយអវកាសដែលហោះទៅតាមគន្លងគោចររបស់វា ស្ថិតនៅពីលើស្រទាប់បរិយាកាសរបស់ផែនដី។
ម៉ូដែលសាកល្បង STAR-C ត្រូវបានគេឧទ្ទេសនាមនៅជប៉ុន កាលពីថ្ងៃទី ៨មិថុនាកន្លងទៅ។ STAR-C មានផ្ទុកផ្កាយរណបមួយដែលមានទម្ងន់ ២,៦៦គីឡូក្រាម។ ផ្កាយរណបនេះរួមមានពីរប្រអប់ ប្រវែង 10cm ដែលតភ្ជាប់នឹងខ្សែយោងប្រវែង ១០០ម៉ែត្រធ្វើអំពីសរសៃ Kevlar ជាធាតុម្យ៉ាងដែលរឹងមាំ និងធុននឹងកំដៅ។
STAR-C នឹងត្រូវបាននាំទៅកាន់ស្ថានិយអវកាសអន្តរជាតិ ហើយដាក់ចុះទៅលើ Kibo (បន្ទប់មួយរបស់ទីភ្នាក់ងារអវកាសជប៉ុន នៅលើស្ថានិយអវកាសអន្តរជាតិ)។ នៅពេលហោះហើរក្នុងលំហអាកាស ប្រអប់ទាំងពីរបស់ STAR-C នឹងត្រូវបានបំបែកចេញពីគ្នា ដើម្បីពិសោធទៅលើខ្សែកាប Kevlar។
លទ្ធផលនៃការពិសោធនឹងនាំមកនូវព័ត៌មានដ៏សំខាន់អំពីលទ្ធភាពនៃការកែលំអជណ្ដើរយោងអវកាស ក៏ដូចជាបញ្ហាដែលអាចកើតមាន មុននឹងរចនា និងអភិវឌ្ឍកំណែស្ថាពរ។ ក្រៅពីនេះ ការពិសោធក៏នឹងត្រូវបានធ្វើឡើងដើម្បីពិនិត្យមើលទៅលើលទ្ធភាពនៃការប្រមូលសំរាមក្នុងអវកាសផងដែរ។
ប្រែសម្រួល ៖ បុត្រា