(មូស្គូ-វ៉ាស៊ីនតោន)៖លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន និងលោកប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានពិភាក្សាគ្នា ពីគម្រោងដកទ័ពចេញ ពីប្រទេសស៊ីរី ដែលការវិវឌ្ឍនេះ បានកើតឡើងបន្ទាប់ពីប្រទេស រុស្ស៊ីបញ្ជាកងកម្លាំងទ័ពអាកាសរបស់ខ្លួន មួយផ្នែកធំឲ្យបញ្ឈប់សកម្មភាព នៅស៊ីរីផងដែរ។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួរ នៅថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០១៦។

/

កិច្ចពិភាក្សាគ្នាតាមទូរស័ព្ទ រវាងមេដឹកនាំក្រុងវ៉ាស៊ីនតោន និង មូស្គូ ខាងលើនេះបានធ្វើឡើង នៅព្រឹកថ្ងៃអង្គារនេះតែម្តង ដោយក្នុងនោះលោក ពូទីន បានលើកឡើងថា «ការដកទ័ពចេញដោយគ្មានលក្ខខណ្ឌ នឹងជាសញ្ញាល្អប្រសើរមួយ ចំពោះគ្រប់ភាគីជម្លោះទាំងអស់ នៅក្នុងប្រទេសស៊ីរី ព្រមទាំងជាការ​បង្កើតបរិយាកាសល្អ សម្រាប់ដំណើរការ ស្វែងរកសន្តិភាព ពិតប្រាកដផងដែរ»។

ដោយឡែកលោក អូបាម៉ា វិញក៏បានបង្ហាញចំណាប់អារម្មណ៍ ស្រដៀងគ្នានេះដែរថា «ការកាត់បន្ថយអំពើហិង្សា ឲ្យមកនៅទាបបំផុត គឺស្របតាមគោលការណ៍ របស់អន្តរជាតិ ហើយមានតែការធ្វើ អន្តរកម្មនយោបាយនោះទេ ទើបអាចបញ្ឈប់អំពើហិង្សា នៅស៊ីរីបាន»។

/

លោក អូបាម៉ា និងលោក ពូទីន បានបង្ហាញជំហរដូចគ្នា ចំពោះការអនុវត្តឲ្យបានពេញលេញនូវ បទឈប់បាញ់គ្នា ក្នុងប្រទេសស៊ីរី ដែលត្រូវបានដាក់ឲ្យដំណើរការ កាលពីខែមុន ស្របតាមដំណោះស្រាយ លេខ២២៦៨ របស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ៕

ប្រភព ៖ ស៊ិនហួរ/ប៊ីប៊ីស៊ី

 

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី