ទម្លាប់សាកថ្មទូរស័ព្ទមុនពេលចូលគេង និងទុកចោលរំលងរាត្រី បានជួយឱ្យអ្នកប្រើប្រាស់ សំចៃពេលវេលាបានច្រើន ប៉ុន្តែ តើវាបង្កឱ្យមានគ្រោះថ្នាក់ដែរ ឬទេ នៅពេលអ្នកបញ្ចូលថាមពលថ្មពេញមួយយប់?

/

ការ​បញ្ចូលថាមពលថ្មពេញមួយយប់ គ្មានអ្វីគួរ​ឱ្យ​ព្រួយបារម្ភ

មនុស្សជាច្រើនមានទម្លាប់បញ្ចូលថាមពលថ្មមុនពេលចូលគេង ហើយពេលព្រឹកឡើង ថ្មទូរស័ព្ទពេញដោយថាមពល។ មុននេះ អ្នកជំនាញការជាច្រើនបានណែនាំថា មិនគួរសាកថ្មពេញមួយយប់នោះទេ ព្រោះវានឹងធ្វើឱ្យថ្មឆាប់ខូច ឬអាចនឹងធ្វើឱ្យថ្មផ្ទុះ។ល។ មូលហេតុគឺថា ភាគច្រើនទូរស័ព្ទប្រើប្រាស់ថ្ម Lithium-ion ជាថ្មដែលបញ្ចូលថាមពលបានពេញក្នុងរយៈពេលពី ២,៥ ទៅ ៣ម៉ោង ហើយបើបញ្ចូលថ្មយូរជាងនេះ វាអាចនឹងធ្វើឱ្យថ្មគ្មានស្ថេរភាព បណ្ដាលឱ្យវាឆាប់ខូច ឬផ្ទុះ។

ប៉ុន្តែ ការយល់ឃើញខាងលើ លែងសមស្របទៀតហើយសម្រាប់បច្ចុប្បន្ន ព្រោះថា ស្មាតហ្វូនបច្ចុប្បន្ន សុទ្ធតែត្រូវបានបំពាក់បច្ចេកវិទ្យាថ្មី អនុញ្ញាតឱ្យវាកាត់ផ្ដាច់ប្រភពថាមពលអគ្គីសនី ឬអនុញ្ញាតឱ្យវាបញ្ចូលថាមពលដោយសមស្រប ដើម្បីមិនឱ្យប៉ះពាល់ដល់ថ្ម។

Edo Campos អ្នកនាំពាក្យរបស់ Anker ដែលជាក្រុមហ៊ុនផលិតឆ្នាំងសាក និងថ្មត្រៀមសម្រាប់ទូរស័ព្ទ ឱ្យដឹងថា “ស្មាតហ្វូនបច្ចុប្បន្ន គឺពិតជាឆ្លាតវៃ ព្រោះថា វាដឹងច្បាស់ថា ពេលណាត្រូវឈប់បញ្ចូលថាមពល។ ស្មាតហ្វូនជំនាន់ថ្មីនេះ សុទ្ធតែបំពាក់ឈីបដែលមានសមត្ថភាពទប់ស្កាត់ការស្រូបយកថាមពលអគ្គីសនី បន្ទាប់ពីថ្មត្រូវបានសាកពេញ”។

/

ប៉ុន្តែ អ្នក​ត្រូវ​ប្រើ​ឆ្នាំងល្អ​ ហ្ស៊ីន បើសិន​ចង់​បញ្ចូល​ថាមពលពេញ​មួយ​យប់

ដូច្នេះ ការបញ្ចូលថាមពលថ្មពេញមួយយប់ គឺមិនមានគ្រោះថ្នាក់អ្វីនោះទេ។ ក៏ប៉ុន្តែ អ្នកត្រូវប្រាកដថា ឆ្នាំងសាកថ្មរបស់អ្នក គឺមានប្រភពច្បាស់លាស់ដែលគួរទុកចិត្តបាន ឬថ្មមិនក្លែងក្លាយ។ ម្យ៉ាងទៀត អ្នកក៏មិនត្រូវប្រើកម្មវិធីសាកថ្មល្បឿនលឿននោះដែរ នៅពេលអ្នកចង់សាកថ្មពេញមួយយប់។

ប្រែសម្រួល ៖ បុត្រា