ភ្នំពេញ៖ មនុស្ស៣នាក់ ត្រូវរងរបួសធ្ងន់ស្រាល ក្នុងខណៈដែលពួកគេ ជិះម៉ូតូ៣គ្រឿង បុកគ្នានៅចំណុចគល់ ស្ពានភ្លោះកោះពេជ្រ ជិតកាស៊ីណូណាហ្គា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង ២នឹង២០ នាទីរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៣។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់ជិះម៉ូតូ មួយគ្រឿង ម៉ាក ណៃហត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AA-7044 ធ្វើដំណើរតាមបណ្តោយ ផ្លូវមុខសួនច្បារ សម្តេចហ៊ុន សែន ដោយបានជិះ ក្នុងល្បឿនយ៉ាងលឿន រហូតដល់ចំណុច កែងផ្លូវសបិទ ជាប់គល់ស្ពានផ្លូវភ្លោះកោះពេជ្រ ក៏ជ្រុលទៅបុកម៉ូតូ ម៉ាកសេ១២៥ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BL-4159 នឹងមួយគ្រឿងទៀតពាក់ស្លាកលេខភ្នំពេញ 1BE-5481 បណ្តាលឲ្យម៉ូតូទាំង៣គ្រឿងដួលរេពេញផ្លូវ និងម្ចាស់ម៉ូតូទាំងបីគ្រឿងដែលមនុស្សចំនួន៣នាក់ ត្រូវរងរបួសធ្ងន់ស្រាល ដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ។

នគរបាលចរាចរខណ្ឌចំការមន ដែលចុះទៅវាស់វែងដល់កន្លែង កើតហេតុ បានបញ្ជាក់ថា គ្រោះថ្នាក់ខាងលើនេះ បង្កឡើងដោយសារតែ បុរសជាម្ចាស់ម៉ូតូ ណៃហត បានបើកបរក្នុងល្បឿនលឿន បញ្ច្រាសផ្លូវឯកទិស ទើបបង្កឲ្យ គ្រោះថ្នាក់ ដល់អ្នកដ៏ទៃ និងខ្លួនឯងបែបនេះ។ ចំណែកឯម៉ូតូទាំង ៣គ្រឿង ក្រោយកើតហេតុ ត្រូវវាស់វែងអូសយក មករក្សាទុកនៅអធិការខណ្ឌចំការមន រង់ចាំដោះស្រាយ តាមផ្លូវច្បាប់ ៕

Photo

Photo

Photo

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល