ការជួយគ្នាក្នុងគ្រាមានអាសន្ន គឺជាទង្វើដ៏ល្អប្រពៃសំរាប់មនុស្សជាតិ។ Nokia បានប្រ-កាន់ខ្ជាប់នូវទង្វើល្អប្រពៃនេះ ដោយក្រុមហ៊ុនបានជួយសង្គ្រោះអ្នកសារព័ត៌មានឥណ្ឌាម្នាក់ដែលកំពុងតែលតោលត្រូវការជំនួយបន្ទាប់ពី Samsung បោះបង់ចោលកណ្តាលទី។

Samsung បានបង្ហាញសេចក្តីថ្លែងការមួយដោយបានបញ្ជាក់ថា ក្រុមហ៊ុនពិតជាមានការសោកស្ដាយ ក្នុងរឿងដែលអ្នកតំណាងរបស់ខ្លួន បានធ្វើទៅលើអ្នកសារព័ត៌មានឥណ្ឌា។ Samsung បាននិយាយថា រឿងដែលអ្នកតំណាងក្រុមហ៊ុនបានធ្វើទៅលើអ្នកយកព័ត៌មានឥណ្ឌានោះ វាជារឿងមួយដែលយល់ច្រឡំ ព្រោះមានអ្នកសារព័ត៌មានដែលមកពីប្រទេសឥណ្ឌាពីររូប។

លោក Clinto Jeff ជាអ្នកយកព័ត៌មានប្រចាំគេហទំព័រ UnleashthePhones បាននិយាយថា Samsung បានអញ្ជើញរូបគាត់ចូលរួមក្នុងព្រឹត្តិការណ៍ IFA ដែលប្រារព្ធនៅថ្ងៃទី5/9/2012 នៅទីក្រុង Berlin ប្រអាឡឺម៉ង់។ ក្នុងនោះខាងក្រុមហ៊ុនសន្យាផ្ដល់ដល់លោកនូវការស្នាក់នៅ, សំបុត្រយន្តហោះធ្វើដំណើរទៅមក។

/

លោក Clinto Jeff អ្នកសារព័ត៌មានឥណ្ឌា ដែល Nokia បានជួយ

លោក Clinto Jeff បាននិយាយប្រាប់ The Next Web ថា រូបលោកត្រួវបាន Samsung អញ្ជើញឲ្យចូលរួមនៅក្នុងកម្មវិធីរបស់ខ្លួន ក្នុងនាមជាអ្នកសារព័ត៌មាន “Reporter”។  បន្ទាប់មកលោកក៏បានយល់ព្រមតាមការអញ្ជើញរបស់ក្រុមហ៊ុន ក្នុងមានជាអ្នកសារព័ត៌មាន ដោយយល់ថាក្រុមហ៊ុនបានផ្តល់សំបុត្រយន្តហោះទៅមកសៅរាប់ការធ្វើដំណើរ និងការស្នាក់នៅសំរាប់ខ្លួន។

ប៉ុន្តែបែរជាធ្វើឲ្យលោកខកចិត្តយ៉ាងខ្លាំង នៅពេលធ្វើដំណើរមកដល់ទីក្រុងBerlin, អ្នកតំណាងរបស់ Samsung បានប្រាប់លោកថា សំបុត្រហោះហើរ និងការស្នាក់នៅរបស់គាត់ ត្រូវបានលុបចោលវិញ។ លោក Jeft បានបន្ថែមទៀតថាៈ នេះជាបទពិសោធន៍ដ៏អាក្រក់មួយសំរាប់ខ្ញុំ ប៉ុន្តែក្រុមហ៊ុន Samsung បានចេញសេចក្ដីថ្លែងការណ៍ សុំទោសចំពោះខ្ញុំ ដោយបញ្ជាក់ថាវាជារឿងដែលយល់ច្រឡំ។

/

ការថ្លែងអំណរគុណរបស់ លោក Jeff ដល់ Nokia លើ Twitter របស់គាត់

ប៉ុន្តែជាសំណាងល្អរបស់លោក Jeff នៅពេលដែលកំពុងជួបអាសន្នបន្ទាប់ពីត្រូវបាន Samsung បោះចោលកណ្តាលទីនោះ ក្រុមហ៊ុនទូរស័ព្ទដៃ Nokia បានចេញមុខជួយលោក Jeff ក្នុងនាមមនុស្សធម៌ ដោយបានជួយចេញថ្លៃស្នាក់នៅ ព្រមទាំងទិញសំបុត្រយន្តហោះសំរាប់ធ្វើដំណើរត្រលប់ទៅស្រុកកំណើតវិញផងដែរ៕

 

ដោយ៖ សិលាប្រភព៖ thenextweb & twitter