សាឡាងមួយគ្រឿងដឹកមនុស្សហួសចំណុះបានបាក់ជាពីរ និងលិចនៅភាគឦសាននៃប្រទេសឥណ្ឌាដោយសារព្យុះកាលពីថ្ងសទី៣០មេសា បណ្ដាលអោយមនុស្សយ៉ាងតិច ១០៥នាក់បានស្លាប់ និងជាង ៩៥នាក់បាត់ខ្លួន។

១០៥នាក់បានស្លាប់ និងជាង ៩៥នាក់បាត់ខ្លួនក្នុងគ្រោះថា្នក់លិចសាឡាងនៅឥណ្ឌា
ហេតុការណ៍នេះបានកើតឡើងនៅពេលសាឡាងមួយគ្រឿងដឹកមនុស្សប្រមាណជា ៣៥០នាក់កំពុងធ្វើដំណើរតាមទន្លេ Brahmaputra ក្នុងរដ្ឋ Assam ក៏ស្រាប់តែមានព្យុះមកដល់ និងបានធ្វើអោយសាឡាងនេះត្រូវបាក់ជាពីរ។
នគរបាលបានប្រាប់អោយដឹងថា មនុស្សប្រមាណជា ១៥០នាក់ត្រូវបានជួយសង្គ្រោះ ឬហែលឡើងច្រាំងដោយខ្លួនឯង។
យោងតាមនគរបាល សាឡាងពីរជាន់នេះបានដឹកហួសចំណុះ ក្នុងនោះក៏មានការ៉ុងថ្ម និងការ៉ុងអាហារជាច្រើនផងដែរ ប៉ុន្ដែសាឡាងនេះមិនមានអាវពោងការពារនោះទេ។
AFP បានរាយការណ៍ថា សាកសពប្រមាណជា ១០៥នាក់ ក្នុងនោះមានស្ដ្រី និងកុមារជាច្រើនត្រូវបានគេស្រង់ឡើងគោក និងយកទៅរក្សាទុកនៅមន្ទីរពេទ្យមួយក្នុងតំបន់។ នគរបាលមូលដ្ឋានបានប្រាប់អោយដឹងថា យ៉ាងហោចក៏មានអ្នករងគ្រោះជាង ១០០នាក់ទៀតកំពុងបាត់ខ្លួន។
AFP អោយដឹងទៀតថា នេះអាចជាករណីលិចសាឡាងដ៏អាក្រក់បំផុតក្នុងរយៈពេលចុងក្រោយនេះនៅអាស៊ីខាងត្បូង។ តំបន់នេះតែងកើតមានគ្រោះថ្នាក់បែបនេះ ដោយសារតែស្ដង់ដានៃសុវត្ថិភាពនៅមានកម្រិតទាប ការដឹកហួសចំណុះ និងគ្មានការយល់ដឹង។
គួររំឭកថា កាលពីខែតុលា ឆ្នាំ ២០១០ សាឡាងមួយគ្រឿងបានលិច បណ្ដាលអោយជនជាតិអ៊ីស្លាម ៧៩នាក់ត្រូវបាត់បង់ជីវិត ខណៈដែលកប៉ាល់មួយគ្រឿងដឹកមនុស្ស ១៥០នាក់បានលិចនៅក្នុងរដ្ឋ Bengal ខាងលិច។ កាលពីខែមិនា ឆ្នាំនេះ មនុស្សជាង ១៣៨នាក់បានស្លាប់នៅក្នុងប្រទេស Bangladesh នៅពេលដែលសាឡាងមួយគ្រឿងដឹកអ្នកដំណើរ ២០០នាក់លិចនៅក្នុងទន្លេ Meghna ភាគអាគ្នេយ៍នៃរដ្ឋធានី Dhaka ៕
ដោយ ៖ សូរីយាប្រភព ៖ AFP/Zing