តាកែវ៖ ក្រុមស្ទាវទមិឡ ឥតសាសនាប្រចាំភូមិជិត ១០នាក់ លើកគ្នាទៅវាយ​ព្រះសង្ឃ ដល់​ក្នុង​កុដិ បណ្តាល​ឲ្យ​រងរបួសយ៉ាង​ធ្ងន់ធ្ងរ​ស្ទើរតែ​សុគត សង្ស័យផ្តើមចេញពីគំនុំចាស់ ដែលកើត​ឡើង​ពេល​មិនទាន់​សាង​ផ្នួស។ ព្រះសង្ឃរង​គ្រោះ​ដង្ហោយ​ឲ្យតុលាការ​ផ្តល់យុត្តិធម៌ ដោយផ្តន្ទាទោសជនល្មើស​ទៅ​​តាមច្បាប់។អធិការនគរបាលស្រុកត្រាំកក់ លោក យ៉ន់ វណ្ណធី បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម​អម្ពិល​នៅ​យប់ថ្ងៃទី០៧​ ខែតុលា ឆ្នាំ២០១៥ នេះថា អំពើហិង្សាឧបាសកស្ទាវ​ចំណុះជើងវត្ត វាយ​ព្រះសង្ឃគង់​ក្នុងវត្តបន្ទាយ​ជុំ ក្នុង​ភូមិត្រពាំងខ្ចៅ ឃុំអូរសារាយ ស្រុក​ត្រាំកក់ ខេត្តតាកែវ បានកើត​ឡើង​កាល​ពីម៉ោងជិត ១០យប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥កន្លងទៅនេះ។

លោក យ៉ន់ វណ្ណធី បានឲ្យដឹងថា អំពើហិង្សានេះ បណ្តាលឲ្យព្រះសង្ឃព្រះនាម នន ផល្លី ព្រះជន្ម ២៥ព្រះវស្សា រងរបួសបែកព្រះកេស បាក់ទន្តា (ធ្មេញ) ពីរដើម និងរងរបួសពេញព្រះកាយទាំងអស់។ បច្ចុប្បន្នកំពុងសឹងព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកស្រុកត្រាំកក់។ព្រះតេជគុណ​ នន ផល្លី បានមានសង្ឃដីកាថា នៅយប់ថ្ងៃកើតហេតុ ពេលព្រះតេជគុណទើបចុះពីទេសនា ចូលទៅសឹងក្នុងកុដិនោះ ស្រាប់តែក្រុមក្មេងស្ទាវស្ថិតនៅក្នុងភូមិប្រមាណជា ១០នាក់ ប៉ុន្តែមានតែ ៦នាក់ប៉ុណ្ណោះ បានចូលទៅវាយព្រះអង្គតែម្តង។ពាក់ព័ន្ធនិងការវាយនេះ ព្រះតេជគុណ នន ផល្លី ដែលទើបនិងសាងផ្នួសបានប្រមាណ ៥ខែ មិនបានបញ្ជាក់ពីមូលហេតុនោះទេ តែព្រះតេជគុណបានអះអាងថា ក្រុមក្មេងស្ទាវ និង ព្រះអង្គ ធ្លាប់បាន​ប៉ះ​ពារ​សម្តី និង វាយតប់គ្នា កាលពីព្រះអង្គមិនទាន់សាងផ្នួស។

ព្រះតេជគុណ នន ផល្លី មិនបានស្គាល់អត្តសញ្ញាណក្រុមក្មេងស្ទាវ ដែលចូលវាយព្រះតេជគុណទាំងអស់នោះទេ គឺស្គាល់តែ ៤នាក់ប៉ុណ្ណោះ រួមមាន៖ សីហា, វែង, ភក្តិ និងម្នាក់ទៀតឈ្មោះ ប្រាក់ សំរឹទ្ធ ជាមន្រ្តីយោធា។

អធិការស្រុកត្រាំកក់ លោក យ៉ន់ វណ្ណធី បានបញ្ជាក់ថា ក្រោយពេលកើតហេតុរូបលោក បានចុះទៅចាប់ក្រុមជនដៃដល់ បាន៣នាក់ តែក្រោយការសាកសួរសម្រេចបញ្ជូនទៅកាន់តុលាការ២នាក់ (ឈ្មោះ លឹម សីហា និង ប្រេស សំរិត)។ ដោយឡែកឈ្មោះ ប្រាក់ សំរឹទ្ធ ដែលជាមន្រ្តីយោធាត្រូវបានដោះលែងទៅវិញ ព្រោះមិនជាប់ពាក់ព័ន្ធនោះឡើយ។

ព្រះតេជគុណ នន ផល្លី និងក្រុមគ្រួសាររបស់ព្រះអង្គ បានប្រតិកម្មយ៉ាងខ្លាំងចំពោះការដោះលែងមន្រ្តីយោធានេះ ដោយព្រះបានបញ្ជាក់ថា មន្រ្តីយោធាននេះ ក៏ជាជនដៃដល់ ដែលបានវាយព្រះ​អង្គផងដែរ។ ព្រះអង្គ បានហៅការ ដោះលែងនេះ ប្រហែលជាមានការត្រូវរ៉ូវគ្នារវាងសមត្ថកិច្ច និងជនបង្កអំពើហិង្សា។ព្រះសង្ឃរងគ្រោះ បានអំពាវនាវឲ្យសមត្ថកិច្ច និងតុលាការខេត្តតាកែវ ផ្តល់យុត្តិធម៌ដល់ព្រះអង្គ ដោយ​ផ្តន្ទាទោសជនដៃដល់ទាំងអស់ទៅតាមច្បាប់៕

/

/

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល