បណ្ដាអាចម៍ផ្កាយធំៗនឹងហោះមកក្បែរផែនដីនៅថ្ងៃនេះ ក្នុងល្បឿនលឿន ប៉ុន្តែ នឹងមិនការប៉ះទង្គិចណាមួយជាមួយនឹងផែនដីនោះទេ។

អាចម៍ផ្កាយចំនួន៤នឹងហោះកាត់ផែនដីក្នុងគំលាត ២,៤លានគីឡូម៉ែត្រ ក្នុងល្បឿនជាង៥០.០០០គីឡូម៉ែត្រ/ម៉ោង នៅក្នុងថ្ងៃទី២១ធ្នូ នេះបើតាមទំព័រ Daily Star។
បណ្ដាអាចម៍ផ្កាយដែលមានឈ្មោះថា 2006LH, 2010XN, 2015YQ1 និង 2006XD2 នេះ កំពុងហោះហើរក្បែរគ្នា។ អាចម៍ផ្កាយដែលធំជាងគេបង្អស់ មានអង្កត់ផ្ចិតប្រហែល ២៦០ម៉ែត្រ។
បណ្ឌិត Detlef Kosschny អ្នកវិទ្យាសាស្ដ្រជំនាញខាងភពរបស់ទីភ្នាក់ងារអវកាសអឺរ៉ុប ឱ្យដឹងថា “វាអាចបង្កគ្រោះមហន្ដរាយ បើសិនវាធ្លាក់មកលើផែនដី។ ប៉ុន្តែ អាចម៍ផ្កាយទាំងនេះនឹងមិនហោះមកបុកផែនដីនោះទេ ដូច្នេះ ផែនដីរបស់យើងនៅតែមានសុវត្ថិភាព”។
Kosschny និយាយថា នេះគឺជាករណីកម្រកើតមាន នៅពេលអាចម៍ផ្កាយចំនួន៤ ហោះមកក្បែរផែនដីក្នុងថ្ងៃតែមួយ៕
ប្រែសម្រួល ៖ តារាប្រភព ៖ Daily Star