តើពិតជាគួរឱ្យខ្លាចដែរ ឬទេ នៅពេលដឹងថា ផោម វាមានឥទ្ធិពលខ្លាំងដែលអាចបង្កឱ្យមានគ្រោះថ្នាក់។
យោងតាមរបាយការណ៍របស់មន្ទីរពេទ្យសកលវិទ្យាល័យ Tokyo ស្ដ្រីអ្នកជម្ងឺម្នាក់បានលេចផោមក្នុងពេលវះកាត់ ហើយជាតិហ្គាសនេះបានបង្កើតឱ្យមានអណ្ដាតភ្លើងបង្កឱ្យរលាករាងកាយរបស់អ្នកជម្ងឺ។

ចូរជៀសវាងអាហារដែលអាចបង្កឱ្យមានផោម ដូចជាដំឡូងបារាំង សណ្ដែកដីជាដើម នៅមុនពេលទទួលការវះកាត់ដែលប្រើកាំរស្មីឡាហ្សែរ
ហេតុការណ៍នេះបានកើតឡើងតាំងតែពីខែមេសា ប៉ុន្តែ របាយការណ៍ទើបតែត្រូវបានប្រកាសជាផ្លូវការកាលពីចុងខែមុន បន្ទាប់ពីត្រូវបានត្រួតពិនិត្យជាផ្លូវការដោយក្រុមអ្នកជំនាញការ។ ក្រុមអ្នកជំនាញ បានទទួលស្គាល់ថា ក្នុងបន្ទប់ មិនមានវត្ថុធាតុណាដែលអាចបង្កឱ្យមានអណ្ដាតភ្លើងនោះទេ។
អ្នកជម្ងឺដែលទទួលការវះកាត់ពេលនោះគឺជាស្ដ្រីវ័យប្រហែល ៣០ឆ្នាំ ដែលត្រូវបានវះកាត់នៅឯផ្នែក Shinjuku នៃមន្ទីរពេទ្យសកលវិទ្យាល័យ Tokyo ។ ការវះកាត់នេះ ត្រូវបានប្រើប្រាស់កាំរស្មីឡាហ្សែរ។ របាយការណ៍ឱ្យដឹងថា “នៅពេលធាតុហ្គាស (ផោម) ចេញពីរាងកាយអ្នកជម្ងឺ ហើយហោះចូលទៅក្នុងបរិយាកាសក្នុងបន្ទប់វះកាត់ វាបានប្រតិកម្មជាមួយកាំរស្មីឡាហ្សែរ រួចក៏បង្កើតបានជាអណ្ដាតភ្លើង” នេះបើតាមទំព័រ The Asahi Shimbum ។
ស្ដ្រីជាអ្នកជម្ងឺខាងលើ ត្រូវរលាកស្បែកធ្ងន់ធ្ងរ បន្ទាប់ពីមានអណ្ដាតភ្លើងនោះកើតឡើង។
ក្រុមអ្នកស៊ើបអង្កេតក៏បានអះអាងថា បណ្ដាឧបរកណ៍ក្នុងបន្ទប់វះកាត់ដំណើរការធម្មតា ហើយវាមិនអាចបង្កបានជាអណ្តាតភ្លើង។
នេះគឺជាករណីមួយដែលព្រមានដល់អ្នកជម្ងឺទាំងឡាយណាដែលត្រៀមនឹងទទួលការវះកាត់។ ចូរជៀសវាងអាហារដែលអាចបង្កឱ្យមានផោម ដូចជាដំឡូងបារាំង សណ្ដែកដីជាដើម នៅមុនពេលទទួលការវះកាត់ដែលប្រើកាំរស្មីឡាហ្សែរ៕
ប្រែសម្រួល ៖ តារាប្រភព ៖ snopes