លោក Trump យល់ថា ដំណោះស្រាយ “ល្អបំផុត” ដើម្បីទប់ស្កាត់ការបែកធ្លាយព័ត៌មាននោះគឺគួរតែដាក់កុំព្យូទ័រ និងទូរស័ព្ទទៅមួយដុំ ហើយជំនួសមកវិញគឺការផ្ញើសារដែលសរសេរដោយដៃ។

អ្នកប្រើប្រាស់អ៊ីនធឺរណែតជាច្រើនយល់ថា គំនិតរបស់លោក Trump នឹងធ្វើឱ្យអាមេរិកដើរថយក្រោយ
ក្នុងកិច្ចសម្ភាសមួយក្នុងពិធីអបអរឆ្នាំថ្មីនៅ Florida អាមេរិក សម្រាប់សំនួរ “បញ្ហាសន្តិសុខអ៊ីនធឺរណែត សំខាន់យ៉ាងណាក្នុងការដឹកនាំរបស់លោក?” ប្រធានាធិបតីថ្មីនេះ យល់ថា រដ្ឋាភិបាលគួរផ្ញើលិខិតដែលសរសេរដោយដៃ ដោយការបញ្ជូនតាមប្រៃសណីយ៍ល្បឿនលឿន ជំនួសឱ្យការពឹងផ្អែកច្រើនទៅលើកុំព្យូទ័រ។
លោក Trump និយាយថា “បើសិនអ្នកមានអ្វីមួយដែលសំខាន់ ចូរសរសេរវា ហើយផ្ញើទៅកាន់កន្លែងទទួលតាមរយៈការផ្ញើល្បឿនលឿន។ ពុំមានកុំព្យូទ័រណាមួយ មានសុវត្ថិភាពនោះទេ។ ខ្ញុំមានចៅម្នាក់អាយុ ១០ឆ្នាំ វាអាចធ្វើអ្វីៗបានជាមួយនឹងកុំព្យូទ័រ។ វាមិនមានសុវត្ថិភាព ហើយបើសិនមិនចង់ឱ្យមានការបែកធ្លាយ ខ្ញុំសង្កត់ធ្ងន់ថា គួរផ្ញើវាទៅតាមប្រៃសណីយ៍”។
បន្ទាប់ពីបាននិយាយ គំនិតរបស់លោក Trump ភ្លាមនោះបានក្លាយជាប្រធានបទសំខាន់ក្នុងការជជែកគ្នានៅលើអ៊ីនធឺរណែត ពិសេសគឺនៅលើ Twitter។ គណនីជាច្រើនបានធ្វើការរិះគន់ថា ប្រធានាធិបតីថ្មីនេះនឹងប្រែក្លាយប្រទេសអាមេរិក ឱ្យទៅជាហួសសម័យ ហើយជាងនេះ វានឹងបង្កគ្រោះថ្នាក់ បើសិនវាជាខ្លឹមសារបន្ទាន់។ ខណៈដែលអ្នកខ្លះរិះគន់ដោយរូបភាពច្នៃ។
តាំងពីកំពុងឃោសនាបោះឆ្នោត លោក Trump ត្រូវបានគេដឹងថា ជាមនុស្សមិនចូលចិត្តបច្ចេកវិទ្យា មិនយល់ដឹងច្រើនអំពីបច្ចេកវិទ្យា និងត្រូវគេ “ចោទ” ថា មិនចេះប្រើកុំព្យូទ័រ។ លោក Trump ក៏ធ្លាប់ធ្វើឱ្យគេភ្ញាក់ផ្អើល នៅពេលចង់បិទទ្វារអ៊ីនធឺរណែត ដោយសារតែ ISIS៕
ប្រែសម្រួល ៖ តារាប្រភព ៖ cnet