ស្ដ្រីវ័យកណ្ដាលពីររូបនៅប្រទេសចិន កាលពីថ្ងៃទី ១៥សីហាកន្លងទៅ បានសន្លប់បាត់ស្មារតីនៅកណ្ដាលផ្លូវក្នុងក្រុង ព្រោះតែអស់កម្លាំង បន្ទាប់ពីឈ្លោះប្រកែកគ្នារយៈពេល ៨ម៉ោងជាប់ៗគ្នា ដោយមិនបានហូបអ្វីទាំងអស់។

ស្រីពីរនាក់ខាងលើ បានទាស់ទែងគ្នារឿងបំណុល នាំឱ្យមានការឈ្លោះប្រកែក នៅលើដងផ្លូវក្នុងក្រុង An Khang ខែត្រ Shaanxi ប្រទេសចិន នេះបើតាមសេចក្ដីរាយការណ៍កាលពីម្សិលមិញរបស់ South China Morning Post។

/

ពួកគេបានហៅទូរស័ព្ទទៅកាន់នគរបាល ប៉ុន្តែ ពេលនគរបាលមកដល់ ពួកគេមិនបានស្គាប់ការសម្របសម្រួលពីនគរបាលនោះទេ។ ដោយមិនអាចហាមឃាត់បាន នគរបាលក៏បានចាកចេញ។ ប្រហែល ៨ម៉ោងក្រោយ ពេលត្រឡប់មកវិញ នគរបាលក៏បានឃើញស្ដ្រីទាំងពីរសុទ្ធតែត្រូវសន្លប់ដូចគ្នា។ ម្នាក់ក្នុងចំណោមពីរនាក់នេះ មានអាការៈប្រកាច់។

នគរបាលបានឱ្យដឹងថា ស្ដ្រីទាំងពីររូបនេះ មិនបានហូបអ្វីទាំងអស់ ក្នុងអំឡុងពេលឈ្លោះប្រកែកគ្នា។ ក្រៅពីនេះ អាកាសធាតុក៏ក្ដៅខ្លាំង ក៏ជាកត្តាមួយបណ្ដាលឱ្យពួកគេសន្លប់។ ស្ដ្រីទាំងពីរនាក់នេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ បច្ចុប្បន្ន សុខភាពរបស់ពួកគេបានធូរស្រាលជាងមុន។

ប្រែសម្រួល ៖ តារា