កាលពីរសៀលម្សិលមិញ បណ្ដាអេក្រង់ដែលបង្ហាញព័ត៌មានស្ដីអំពីជើងហោះហើរ រួមនឹងប្រព័ន្ធ បំពងសម្លេងនានា ត្រូវបានក្រុមហែកឃើរ “វាយប្រហារ” ដោយដាក់ជំនួសមកវិញនូវខ្លឹមសារទាក់ទឹននឹងសមុទ្រចិនខាងត្បូង។

/

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រហែល ១៦ នៅព្រលានយន្តហោះ ណូយបាយ តឹនសឺនញឹត ធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ នៅលើអេក្រង់ គេឃើញមានខ្លឹមសារញុះញង់ ប្រមាថដល់ប្រទេសវៀតណាម និងប្រទេសហ្វីលីពីន ទាក់ទឹននឹងសមុទ្រចិនខាងត្បូង។

ប្រព័ន្ធបំពងសម្លេងក៏ត្រូវបានគេផ្សាយនូវខ្លឹមសារប្រហាក់ប្រហែលនេះ។ ក្រោយរយៈពេល ៤ម៉ោង សមត្ថិកិច្ចនៅព្រលានយន្តហោះ បានបិទប្រព័ន្ធសម្លេង និងអេក្រង់ទាំងអស់។

ទន្ទឹមនឹងនេះ នៅលើគេហទំព័រ របស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ក៏ត្រូវបានហែកឃើរប្ដូរផ្លាស់ខ្លឹមសារ ដោយការបង្ហោះអំពីព័ត៌មានរបស់អតិថិជននៃក្រុមហ៊ុន Vietnam Airline ចំនួន ៤០០.០០០នាក់។ អ្នកដែលបានចូលទៅកាន់គេហទំព័រ https://www.vietnamairlines.com បានឃើញនូវសេចក្ដីប្រកាស ប្រាប់ថា គេហទំព័រ ត្រូវបានគេហែក ខ្លឹមសារនៅលើទំព័រមុខ ត្រូវបានប្ដូរផ្លាស់ទាំងស្រុង។ លើនៅគេហទំព័រនេះក៏មានខ្លឹមសារញុះញង់ និងបានបង្ហោះព័ត៌មានដែលនិយាយថា ក្រុមហែកឃើរ 1937cn គឺជាអ្នកបានវាយប្រហារនេះ។

/

ផ្នែកខាងចុងនៃគេហទំព័រ https://www.vietnamairlines.com មាន link មួយនាំទៅកាន់ទំព័រ Pastebin.com ដែលចែករំលែកបីតំណភ្ជាប់ដើម្បីទាញយកហ្វាល excel។ ហ្វាលនេះមានទម្ងន់ប្រហែល 100 MB ដែលមានផ្ទុកតារាងមួយដែលមានគណនីចំនួន ៤០០.០០០ ដែលជាសមាជិករបស់ក្រុមហ៊ុន Vietnam Airlines ក្នុងនោះរួមមានឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងអាស័យដ្ឋាន។

មកដល់ម៉ោងប្រហែល ១៧និង៣០នាទី គេហទំព័រខាងលើរបស់ Vietnam Airlines បានវិលត្រឡប់មកដូចដើម។ ប៉ុន្តែ ឈ្មោះ Domain http://glp.vietnamairlines.com/ បង្ហាញថា ទំព័រនេះ នៅតែកំពុងត្រូវបានគេហែក។ វេលាម៉ោង ១៧និង៤៥នាទី គេហទំព័រខាងលើ ត្រូវបានគ្រប់គ្រង់ទាំងស្រុងដោយម្ចាស់ដើម។

/

ក្រសួងគមនាគមន៍របស់វៀតណាម បានស្នើឱ្យក្រសួងសន្តិសុខសាធារណៈ ធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកការពិតនេះហេតុការណ៍នេះ។

សូមរំលឹកថា កាលពីខែឧសភា ឆ្នាំ ២០១៥ គេហទំព័ររបស់វៀតណាមចំនួនជាង ២០០ ត្រូវបានហែកឃើរពីប្រទេសចិនវាយប្រហារ និងបង្ហោះខ្លឹមសារបង្កជម្លោះ ក្នុងនោះភាគច្រើន មកពីក្រុមហែកឃើរ 1937cn។

ប្រែសម្រួល ៖ បុត្រា