ព្រះសីហនុ៖  ប្រហែលជាចង់សាកកម្លាំងរថយន្ត លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានបើក រថយន្តលុច្សស៊ីសរបស់ខ្លួន បុកពេញទំហឹងជាមួយ រថយន្តលុច្សស៊ីសរបស់មន្រ្តី កងទ័ពអាកាសលាន់ឮដូចរន្ទះនៅ កណ្តាលក្រុងព្រះសីហនុ កាលពីវេលាម៉ោងទៀបភ្លឺថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៣ បណ្តាលឲ្យរថយន្ត រងការខូច ខាតទាំងសងខាង រីឯអ្នកបើកបររងរបួសស្រាល។

បើតាមសាក្សីនៅកន្លែងកើតហេតុ បានប្រាប់សមត្ថកិច្ចឱ្យដឹងថា នៅម៉ោងកើតហេតុគេឃើញរថយន្ត LEXUS 300 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2N-3161 បើកបរដោយលោក អេង អូន អាយុ ៣៥ឆ្នាំ ជាមន្ត្រីទ័ព អាកាស រស់នៅភូមិព្រៃនប់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងអាការៈស្រវឹងជោកជាំ ហើយបើករថយន្ត រេពេញថ្នល់ចូលទៅចាក់សាំងនៅស្ថានីយ៍ប្រេងឥន្ទនៈតូតាល់។ បន្ទាប់ពីចាក់សាំងរួចហើយ លោក អេង អូន ក៏ បានបើករថយន្តចេញទាំងអាការៈស្រវឹង លុះធ្វើដំណើរបានបន្តិចពោលខណៈកំពុងបត់រថយន្តឡើងមកផ្លូវឯករាជ្យ នោះ ស្រាប់តែលោក សោម ចិន្តា អាយុ ៤៦ឆ្នាំ ប្រធានមន្ទីរទេសចរណ៍ខេត្តកែប ក្នុងអាការៈស្រវឹងដែរនោះ បានបើករថយន្ត LEXUS GS 300 ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ  2A-3676 ក្នុងល្បឿនយ៉ាងលឿននោះ បុក គ្នាពេញទំហឹងតែម្តង។

បន្ទាប់ពីបានបុកគ្នារួចហើយ គេឃើញអ្នកបើកបររថយន្តទាំងពីរបានស្រងល់ក្នុងរថយន្តរៀងៗខ្លួន។ លុះមួយសន្ទុះ ក្រោយមកមន្ត្រីទ័ពអាកាសបានបើករថយន្តគេចចេញ ពីកន្លែងកើតហេតុសំដៅទៅទិសខាងលិចបានប្រហែល ២ គីឡូម៉ែត្រ ក៏ត្រូវនគរបាលចរាចរណ៍ និងប្រជាពលរដ្ឋដេញតាមទាន់ចាប់បញ្ជូនអ្នកបើកបររូបនេះ ទៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកទាំងយប់។

ចំណែកលោក សោម ចិន្តា វិញ ត្រូវបានមិត្តភក្តិបញ្ជូនទៅសង្រ្គោះនៅគ្លីនិក រីឯរថយន្តបង្កទាំងពីរ ត្រូវបានសមត្ថ កិច្ចយកទៅរក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

Photo

Photo

Photo

Photo

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល