នៅក្នុងការប្រយុទ្ធគា្នរវាងកងទ័ពស្មោះនឹងលោក Gadhafi និងក្រុមអ្នកប្រឆាំងនៅក្នុងប្រទេស
លីប៊ី មានមនុស្សមិនតិចតួចឡើយដែលត្រូវបានបាត់បង់ជីវិត ។ ពេលថ្មីៗនេះគេឃើញមាន
សាកសពប្រមាណជា ២០០សាកសពត្រូវបានទុកចោលនៅក្នុងមន្ទីរពេទ្យមួយក្នុងទីក្រុង
Tripoli ដែលធ្វើអោយពិភពលោកមានសេចក្តីរន្ធត់ និងតក់ស្លុតយ៉ាងខ្លាំង ។

សាក្សីបានអោយដឹងថា មានសាកសពជាច្រើន ក្នុងនោះមានទាំងប្រុស ស្រី ចាស់ក្មេង ត្រូវ
បានគេទុកចោលលើគ្រែ និងនៅតាមបរិវេណនៃមន្ទីរពេទ្យមួយឈ្មោះថា Abu Salim ក្នុង
សង្កាត់មានឈ្មោះដូចគ្នា ។ ក្រុមគ្រូពេទ្យបានរត់ភៀសខ្លួនចេញពីមន្ទីរពេទ្យបន្ទាប់ពីមានការ
វាយប្រហារគ្នារវាងក្រុមប្រឆាំង ជាមួយ ក្រុមដែលស្មោះនឹងលោក Gadhafi នៅក្បែរនោះ ។

សាកសពទាំងនោះគេមិនបានដឹងពីអត្តសញ្ញាណច្បាស់លាស់នៅឡើយទេ តែមានប្រភព
ជាច្រើនបានអោយដឹងថា ក្នុងនោះមួយចំនួនជាប្រជាជនធម្មតា ទាហ៊ាន និងមួយចំនួនទៀត
ជាទាហ៊ានស៊ីឈ្នួលនៃទ្វីបអាហ្វ្រិកដែលលោក Gadhafi ជួលមកពីតំបន់ Sahara នៅក្បែរ
នោះ ។ សាក្សីបានអោយដឹងផងដែរថា មានមួយចំនួននៅមានជីវិតរស់នៅ នៅឡើយពេល
ដែលនាំទៅដល់មន្ទីរពេ្យតែក្នុងសា្ថនភាពធ្ងន់ធ្ងរ ហើយមួយចំនួនទៀតគឺបានបាត់បង់ជីវិត
ទៅហើយ ។

មន្ទីរពេទ្យត្រូវបានបិទទ្វារដោយការរត់ភៀសខ្លួនរបស់ក្រុមគ្រូពេទ្យ ។ មន្ទីរពេទ្យដែលមាន
កំពស់បួនជាន់នេះពោរពេញទៅដោយ ឈាម និងឧបករណ៍ព្យាបាលនៅរាយប៉ាយពេញ
មន្ទីរពេទ្យ ។ តាមប្រភពពី AFP ថាមន្ទីរពេទ្យ Abu Salim ពីមុនគឺស្ថិតនៅក្រោមការគ្រប់គ្រង
របស់អ្នកដែលគាំទ្រលោក Gadhafi ហើយត្រូវបានក្រុមអ្នកប្រឆាំងវាយដណ្តើមយកបាន
កាលពីថ្ងៃទី ២៦ សីហាកន្លងទៅនេះ ។ មានជនរងគ្រោះចំនួន ១៧ នាក់ត្រូវបានរកឃើញ
នៅរស់រានមានជីវិត និងត្រូវបានក្រុមកាកបាទក្រហមជួយសង្គ្រោះព្យាបាល ។

គ្រូពេទ្យឈ្មោះ Osama Bilil របស់មន្ទីរពេទ្យនេះបានអោយដឹងថាសាកសពទាំងនេះត្រូវ
បាននាំមកទីនេះបានប្រាំថ្ងៃ គ្មាននរណាយកចិត្តទុកដាក់ទេ បន្ទាប់មកក៏ត្រូវបានយកទៅ
ដាក់ក្នុងសាលធ្វើការកំណត់អត្តសញ្ញាណ និងបញ្ចុះសាកសពរបស់ពួកគេ ។ គ្រូពេទ្យ
ដដែលបានធ្វើការប្រកាសបន្ថែមថា ពួកយើងត្រូវការជួយសង្គ្រោះជាបន្ទាន់ ពីអង្គការ
កាកបាទក្រហមអន្តរជាតិ ពីព្រោះមានការសំលាប់រង្គាលមួយនៅ Abu Salim ។


សាក្សីបានអោយដឹងផងដែរថាក្លិនស្អុយបានសាយភាពពេញមន្ទីរពេទ្យ ហើយគ្រប់គ្នាកំពុង
តែធ្វើការបោសសំអាតឡើងវិញ តែវាជាភារកិច្ចមួយដ៏លំបាកបំផុតសំរាប់ពួកគេដោយសារ
តែសាកសពមានចំនួនច្រើន ៕
(ពី DT)
រដ្ឋា