អាចម៍ផ្កាយដែលមានអង្កត់ផ្ចិត ២០០គូឡូម៉ែត្រ មានឈ្មោះថា Niku ហោះហើរបញ្ច្រាសទិសបើធៀបនឹងភពផ្សេងៗក្នុងប្រព័ន្ធព្រះអាទិត្យ។
ក្រុមអ្នកវិទ្យាសាស្ដ្រអន្តរជាតិបានប្រកាសអំពីទិន្នន័យស្ដីអំពី Niku ដែលជាអាចម៍ផ្កាយមួយនៅក្បែរភពណិបទូន (Neptune) ធ្វើដំណើរតាមគន្លងគោចរបញ្ច្រាសទិសជាមួយនឹងភពនានាក្នុងប្រព័ន្ធព្រះអាទិត្យ នៅក្នុងកិច្ចប្រជុំស្ដីអំពីតារាសាស្ដ្រដែលត្រូវបានធ្វើឡើងនៅ Pasadena រដ្ឋ California អាមេរិក កាលពីថ្ងៃទី ១៧តុលា នេះបើតាមទំព័រ Nature World News។

ក្រុមអ្នកវិទ្យាសាស្ដ្របានរកឃើញអាចម៍ផ្កាយ Niku កាលពីកាលពីខែសីហាកន្លងទៅ ដោយប្រើប្រាប់កែវពង្រីក Pan-STARRS។ Niku គឺជាអាចម៍ផ្កាយមួយដែលមានអង្កត់ផ្ចិតជិត ២០០គីឡូម៉ែត្រ និងមានពន្លឺតិចជាងភពណិបទូន (Neptune) ចំនួន ១៦០.០០០ដង។ ក្រុមអ្នកវិទ្យាសាស្ដ្រមិនទាន់អាចបកស្រាយមូលហេតុដែលនាំឱ្យអាចម៍ផ្កាយនេះហោះហើរបញ្ច្រាសទិស ខុសពីធម្មតា។ មានមតិមួយចំនួនយល់ថា កម្លាំងទំនាញរបស់ភពធំ អាចមានឥទ្ធិពលដល់គន្លងគោចររបស់ Niku។
ក្រៅពីនេះ ក្រុមអ្នកវិទ្យាសាស្ដ្រក៏បានរកឃើញអាចម៍ផ្កាយចំនួន៥ក្រុមដែលហោះហើរទៅតាមគន្លងគោចរដូចទៅនឹងអាចម៍ផ្កាយ Niku។
Mathew Payne មកពីមជ្ឈមណ្ឌលតារារូបវិទ្យា Havard-Smithsonian នៅ Cambridge អាមេរិក ដែលជាអ្នកស្រាវជ្រាវម្នាក់ បានឆ្លើយតបទំព័រ Space ថា “វាមិនមែនបង្ហាញខ្លួនដោយចៃដន្យនោះទេ ប៉ុន្តែ វាហាក់ដូចត្រូវបានរៀបចំ។”
យោងតាម Konstantin Batygin និង Michael Brown ដែលជាអ្នកតារារូបវិទ្យា នៅមន្ទីរបច្ចេកវិទ្យា California អាមេរិក កញ្ច្រុំអាចម៍ផ្កាយទាំងនេះ អាចនឹងត្រូវបានរុញច្រានចេញពីផ្នែកដែលនៅសល់របស់ប្រព័ន្ធព្រះអាទិត្យ ដោយសារតែកម្លាំងទំនាញរបស់ “ភពទី៩” ដែលជាភពមួយមានទំហំធំជាងផែនដីប្រហែល១០ដង និងអាចមានទីតាំងស្ថិតនៅកន្លែងដែលមានចម្ងាយឆ្ងាយជាង ៥០០ដង បើធៀបនឹងចម្ងាយពីផែនដីទៅកាន់ព្រះអាទិត្យ។
សម្មតិកម្មមួយផ្សេងទៀត បានយល់ថា ប្រភពរបស់កញ្ចុំអាចម៍ផ្កាយនេះគឺដោយសារ “ការជោរនាចរបស់ហ្គាឡាក់ស៊ី”។ នៅពេលព្រះអាទិត្យវិលទៅតាមគន្លងគោចរជុំវិញមណ្ឌលហ្គាឡាក់ស៊ី វាបម្លាស់ទីចុះឡើងខាងក្នុងហ្គាឡាក់ស៊ី និងបង្កើតបានជា “ទឹកជោរនាចរបស់ហ្គាឡាក់ស៊ី” បណ្ដាលឱ្យមានការច្របូកច្របល់ និងអាចធ្វើឱ្យភព ឬអាចម៍ផ្កាយមួយចំនួន ហោះហើរបញ្ច្រាសទិស។
ប្រែសម្រួល ៖ តារាប្រភព ៖ Space