កងកម្លាំងពិសេសកូរ៉េខាងត្បូងអាចធ្វើឃាតមេដឹកនាំកូរ៉េខាងជើង Kim Jong-un ដើម្បីទប់ស្កាត់ហានិភ័យនៃការវាយប្រហារដោយគ្រាប់បែកនុយក្លេអែរ។រដ្ឋមន្ដ្រីក្រសួងការពារជាតិកូរ៉េខាងត្បុង Han Min-Koo កាលពីថ្ងៃតី ២១កញ្ញា បានទទួលស្គាល់ថា ប្រទេសនេះ មានគម្រោងប្រើប្រាស់កងកម្លាំងពិសេសដើម្បីធ្វើឃាតមេដឹកនាំកូរ៉េខាងជើង Kim Jong Un ក្នុងករណីក្រុង Seoul ត្រូវបានវាយប្រហារដោយគ្រាប់បែកនុយក្លេអែរ នេះបើតាមទំព័រ UPI។លោក Han Min-Koo ថ្លែងថា ៖ “បើសិនមានសញ្ញាច្បាស់លាស់បង្ហាញថា គូសត្រូវមានបំណងវាយប្រហារដោយកាំជ្រួចមានភ្ជាប់ក្បាលគ្រាប់នុយក្លេអែរ កងកម្លាំងពិសេសនឹងត្រូវបានដាក់ពង្រាយដើម្បីវាយទប់ស្កាត់ទៅលើតំបន់សំខាន់ៗ រួមទាំងកន្លែងរស់នៅរបស់មេដឹកនាំកូរ៉េខាងជើង”។

/ទំព័រ News 1 ដកស្រង់សំដីរបស់លោក Han Min-Koo ឱ្យដឹងថា ក្រសួងការពារជាតិប្រទេសនេះ បានមានគម្រោងបង្កើតក្រុមពិសេសសម្រាប់សម្លាប់មេដឹកនាំកូរ៉េខាងជើង ដែលសំដៅលើគម្រោង “ដាក់ទណ្ឌកម្ម និងវាយប្រហារតបត”។លោក Han Min-Koo ក៏ថ្លែងថា កូរ៉េខាងត្បូងត្រូវការរក្សាកងកម្លាំងអចន្ត្រៃយ៍ ៥០០.០០០នាក់ដើម្បីប្រុងជើងការទប់ទល់នឹងការឈ្លានពានដោយកម្លាំងយោធាពីកូរ៉េខាងជើង ដែលប្រការនេះ បង្ខំឱ្យកូរ៉េខាងត្បូងរក្សានូវគោលនយោបាយបំពេញភារកិច្ចយោធា។តំណាងរាស្ដ្ររបស់កូរ៉េខាងត្បូង ទាំងបក្សកាន់អំណាច ទាំងបក្សប្រឆាំង សុទ្ធតែថ្កោលទោសការសាកល្បងអាវុធនុយក្លេអែររបស់កូរ៉េខាងជើង ហើយអ្នកនយោបាយមួយចំនួនបានចាប់ផ្ដើមស្នើឱ្យមានការដំឡើងអាវុធនុយក្លេអែរនៅលើទឹកដីកូរ៉េខាងត្បូងដើម្បីគំរាមដល់កូរ៉េខាងជើង។ប្រែសម្រួល​ ៖ តារាប្រភព ៖ UPI