បុរសអ្នកសំដែងសៀកម្នាក់ជាជនជាតិ អូស្ត្រាលី ត្រូវបានចាប់ខ្លួនបន្ទាប់ពីគាត់បានសំដែង
ផ្ទាំងទស្សនីយភាព លេបដាវ នៅចំពោះមុខហ្វូងមនុស្សដ៏ច្រើននៅក្នុងទីក្រុង New York
ប្រទេស អាមេរិច ពីបទនាំយកអាវុធទៅកាន់ទីសាធារណៈ ។

អ្នកសំដែងសៀករូបនោះមានឈ្មោះថា Chayne Hultgren អាយុ ៣៣ ឆ្នាំត្រូវបានគេស្គាល់
រហ័សនាមថា space cowboy លោកធ្លាប់បានបំបែកឯកត្តកម្មជាមួយការលេបដាវចំនួន
២៧ ដាវផងដែរ ។ លោកត្រូវបានសមត្ថកិច្ចទីក្រុង New York ធ្វើការឃាត់ខ្លួនបន្ទាប់ពីលោក
បានទៅសំដែងនៅក្នុងឧទ្យានកំសាន្តមួយក្នុងទីក្រុងនេះ ។

លោក Hultgren បានអោយដឹងថាប៉ូលីសដែលបានចាប់ខ្លួនលោកបាននិយាយថា ប៉ូលីស
មិនខ្វល់ថាលោកជាអ្នកសំដែងសៀក រឺ ជាអ្នកណានោះឡើយ ។ លោកបាននាំយកអាវុធ
ទៅកាន់ទីសាធារណៈ ហេតុនេះប៉ូលីសមានសិទ្ធគ្រប់គ្រាន់ដើម្បីធ្វើការចាប់ខ្លួនលោក ។
លោក Hultgren ក៏បានអោយដឹងបន្ថែមថា លោកបានស្នើសុំអោយមហាជនដែលបានមក
មើលការសំដែងរបស់លោករំសាយ ដោយលោកបានសន្យាថានឹងវិលមកវិញបន្ទាប់ពីលោក
បានដោះស្រាយជាមួយសមត្ថកិច្ចរួចរាល់ ។
បច្ចុប្បន្នគេនៅមិនទាន់ដឹងអំពីពត៌មានលំអិតថាតើលោក Hultgren ត្រូវសមត្ថកិច្ចឃាត់
ខ្លួនដល់ពេលណា រឺ ក៏ត្រូវប្រឈមមុខនឹងទោសកំរិតណានៅឡើយទេ ៕
(ពី OrangeNews & Dantri)
យ៉ាវីន