អាគារដ៏ខ្ពស់មានឈ្មោះថា Burj Khalifa មានកំពស់ ៨២៨ម៉ែត្រ បានចាប់កំណើតឡើង
ក្រោមការកោតស្ញប់ស្ញែងពីសំណាក់ពិភពលោកទាំងមូល ។ ប៉ុន្តែមិនយូរប៉ុន្មានអាគារ
Burj Khalifa នឹងត្រូវស្ថិតនៅលំដាប់ទីពីរវិញ ខណៈពេលដែលអាគារ Kingdom Tower បាន
ចាប់កំណើត ។


អាគារថ្មីដែលមានឈ្មោះថា Kingdom Tower នឹងមានកំពស់រហូតដល់ ១គីឡូម៉ែត្រដែល
ខ្ពស់ជាងអាគារ Burj Khalifa ១៧២ម៉ែត្រ ។ Kingdom Tower នឹងក្លាយជាអាគារដ៏ខ្ពស់និង
អស្ចារ្យបំផុតនៅពេលដែលត្រូវបានដាក់អោយប្រើប្រាស់ ។

Kingdom Tower មានទីតាំងស្ថិតនៅក្នុងទីក្រុង Jeddah ក្នុងប្រទេស Saudi Arabia នៅជិត
សមុទ្រក្រហម ។ បច្ចុប្បន្ននេះគំរោងទាំងឡាយបានរៀបចំសព្វគ្រប់ជាស្រេចហើយ ហើយ
នឹងត្រូវបានចាប់ផ្តើមសាងសង់នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ។ អាគារនេះរចនាឡើង
ដោយអ្នករចនាពីររូបគឺលោក Adrian Smith និង Gordon Gill មកពីរដ្ឋ Chicago ប្រទេស
អាមេរិច ។

អាគារថ្មីនេះមិនត្រឹមតែធ្វើអោយមានការភ្ញាក់ផ្អើលលើរយៈកំពស់របស់វាប៉ុណ្ណោះទេ សួម្បី
តែតំលៃក៏មានការភ្ញាក់ផ្អើលផងដែរ គឺបានឡើងរហូតដល់ ១២ ពាន់លានដុល្លាឯណោះ ។
ដោយឡែកចំពោះទុនដើម្បីអោយសំរេចបានទាំងស្រុងនៃតំបន់ទីក្រុងនេះគឺបានកើនដល់
២០ពាន់លានដុល្លាអាមេរិច ។

គួរបញ្ជាក់ផងដែរថាកន្លងមកអ្នករចនានៃអាគារនេះបានកំណត់ថានឹងសាងសង់ Kingdom
Tower រហូតដល់កំពស់ ១,៦គីឡូម៉ែត្រ ប៉ុន្តែឆ្លងតាមរយៈការត្រួតពិនិត្យបានបង្ហាញអោយ
ដឹងថាទីតាំងនោះមិនសមស្របជាមួយរយៈកំពស់ដ៏មហិមារបស់អាគារនោះឡើយ ជាហេតុ
ធ្វើអោយអាគារនេះត្រូវកាត់បន្ថយមកត្រឹមតែ ១គីឡូម៉ែត្រវិញ ។

អាគារ Kingdom Tower នឹងសាងសង់នៅលើផ្ទៃដី ៥៣០,០០០ ម៉ែត្រការ៉េ ក្នុងនោះរួមមាន
សណ្ឋាគារមួយឈ្មោះ Four Seasons តំបន់ផ្ទះល្វែង Four Seasons ការិយាល័យ និងកន្លែង
មើលផ្កាយមួយខ្ពស់បំផុតនៅក្នុងពិភពលោក ។ មានជណ្តើរយោងចំនួន ៥៩ ក្នុងនោះ ៥៤
គឺជាជណ្តើរយោងទោល និង ៥ជាជណ្តើរយោងគូរ និងជណ្តើរយន្តចំនួន ១២ ផ្សេងទៀត
ដើម្បីជួយសំរួលដល់ការធ្វើដំណើរឡើងចុះ នៅក្នុងអាគារ ។

កាន់តែពិសេសជាងទៅទៀតនោះគឺនៅជាន់ទី ១៥៧ អាគារបានសាងសង់ទីកន្លែងកំសាន្ត
នៅទីវាលលំហមួយ ដែលមានអង្កត់ផ្ចិត ៣៧ម៉ែត្រ ហើយក៏នឹងក្លាយជាកន្លែងគយគន់
ទេសភាពមួយដ៏អស្ចារ្យ ផងដែរ ជាពិសេសនៅពេលរាត្រី ។ ចំណែករយៈពេលសាងសង់
គឺរយៈពេល ៦៣ខែ (៥ឆ្នាំ ៣ខែ) ។ តាមការគ្រោងទុកអាគារនេះនឹងរួចរាល់នៅឆ្នាំ ២០១៧
ហើយក្រុមហ៊ុន Binladin Group និងក្រុមហ៊ុនស្ថាបត្យកម្ម Gordon Gill and Adrian Smith
របស់ អាមេរិចគឺជាអ្នកទទួលខុសត្រូវលើសំណង់អាគារទល់មេឃមួយនេះ ៕
(ពី ione.net)
រដ្ឋា