គ្រួសារមួយ ក្នុងនោះមានកុមារីអាយុ ២ឆ្នាំ ត្រូវបានក្រុម ISIS នៅអ៊ីរ៉ាក់ចាប់ខ្លួន និងដុតទាំងរស់ នៅពេលកំពុងព្យាយាមរត់គេចខ្លួន។

ទំព័រ Iraq News ដកស្រង់ពីប្រភពមួយនៅក្នុងក្រុង Kirkuk បានឱ្យដឹងថា ប្ដីប្រពន្ធ និងកូនតូចម្នាក់ ត្រូវបានចាប់ខ្លួននៅលើភ្នំ ខាងក្រៅនៃភូមិ Rashad ជាកន្លែងដែលគ្រប់គ្រងដោយក្រុមរដ្ឋអ៊ីស្លាម។

/

ជនជាតិ Yazidi រត់គេចខ្លួនពីភូមិមួយដែលត្រូវវាយប្រហារ​ដោយក្រុម ISIS

ប្រភពព័ត៌មានឱ្យដឹងថា “ក្រុម ISIS បានបញ្ជាឱ្យសមាជិករបស់ខ្លួន តាមចាប់ខ្លួនអ្នកណាដែលបានរត់ គេចខ្លួនពីតំបន់ដែលពួកវាកាន់កាប់នៅភាគនិរតីក្រុង Kirkuk”។ ប៉ុន្តែ ព័ត៌មានលំអិតស្ដីអំពីគ្រួសារនេះ មិនទាន់ត្រូវបានគេបង្ហើបឱ្យដឹងនៅឡើយ។

សូមរំលឹកថា កាលពីខែមុន ក្រុម ISIS ក៏ធ្លាប់បានដុតទាំងរស់នូវនារីជនជាតិ Yazidi ចំនួន ១៩នាក់ ដោយសារតែបដិសេធមិនធ្វើជាទាសករផ្លូវភេទសម្រាប់ក្រុម ISIS។

អ្នកជំនាញការយល់ថា ការដែលក្រុម ISIS កាន់តែឃោរឃៅ គឺបង្ហាញថា ពួកវាកំពុងតែចុះខ្សោយ នៅ ចំពោះមុខការវាយប្រហារពីលើអាកាសរបស់សម្ព័ន្ធមិត្តអន្តរជាតិ ដែលដឹកនាំដោយអាមេរិក។ យោងតាម CNN ក្នុងរយៈពេល ៦ខែកន្លង ក្រុម ISIS បានបាត់បង់ ១២% នៃតំបន់ដែលពួកវាបានគ្រប់គ្រង។

ប្រែសម្រួល ៖ តារា